(ចិន)៖ រថភ្លើងដឹកទំនិញរវាងចិន-អឺរ៉ុប ដែលធ្វើដំណើរចេញពីទីក្រុង Zhengzhou តំបន់ភាគកណ្តាលប្រទេសចិននោះ បានចាប់ផ្តើមប្រតិបត្តិការឡើងវិញហើយ បន្ទាប់ពីទីក្រុងមួយនេះ ទទួលរងការវាយប្រហារយ៉ាងខ្លាំង ពីគ្រោះទឹកជំនន់ ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង, នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនាយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១នេះ។

នៅថ្ងៃអាទិត្យ, រថភ្លើងដឹកទំនិញមួយខ្សែ ផ្ទុកដោយគ្រឿងអេឡិចត្រូនិក, គ្រឿងបន្លាស់រថយន្ត និងទំនិញផ្សេងទៀត បានចាកចេញពីទីក្រុង Zhengzhou ឆ្ពោះទៅកាន់ទីក្រុង Liege របស់ប៊ែលហ្ស៊ិក។

សេវាកម្មរថភ្លើងដឹកទំនិញរវាងចិន-អឺរ៉ុប បានដឹកកុងតឺន័រផ្ទុកដោយទំនិញ ជាង៧០០,០០០គ្រឿង ក្នុងរយៈពេល៦ខែ ឆ្នាំ២០២១នេះ, ចំនួននេះ មានការកើនឡើង៥២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។

ចាប់ផ្តើមក្នុងឆ្នាំ២០១១, រថភ្លើងដឹកទំនិញនេះ បានដឹកដល់១៦៨ទីក្រុង ក្នុងប្រទេសចំនួន២៣នៅតំបន់អឺរ៉ុប៕