(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) និងនាយករដ្ឋមន្រ្តីអ៊ីរ៉ាក់ លោក មូស្ដាហ្វា អាល់កាឌីមី (Mustafa al-Kadhimi) នៅថ្ងៃចន្ទសប្ដាហ៍នេះបានឈានដល់ កិច្ចព្រមព្រៀងជាផ្លូវការមួយ ដើម្បីបញ្ចប់បេសកកម្មប្រយុទ្ធរបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់ នៅចុងឆ្នាំ២០២១ ដែលវាមានរយៈពេលជាង ១៨ឆ្នាំហើយបន្ទាប់ពីកងទ័ពអាមេរិក ត្រូវបានបញ្ជូនទៅកាន់ប្រទេសនោះ។ នេះបើតាមការចេញផ្សាយ ដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅព្រឹកថ្ងៃអង្គារ ទី២៧ ខែកក្កដា ឆ្នាំ២០២១។

លោក បៃដិន និងលោក កាឌីមី បានជួបគ្នានៅឯការិយាល័យ អូវ៉ល (Oval) នៃសេតវិមានទីក្រុងវ៉ាស៊ីនតោន ដែលជាការជួបផ្ទាល់ជាលើកដំបូងរបស់មេដឹកនាំទាំងពីរ និងជាផ្នែកមួយនៃកិច្ចពិភាក្សាយុទ្ធសាស្ត្ររវាងសហរដ្ឋអាមេរិក និងប្រទេសអ៊ីរ៉ាក់។ លោក ចូ បៃដិន បានគូសបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មាន ខណៈលោកផ្ទាល់ និងលោក កាឌីមី បានជួបពិភាក្សាគ្នាយ៉ាងដូច្នេះថា «តួនាទីរបស់យើងនៅក្នុងប្រទេសអ៊ីរ៉ាក់ នឹងបន្តដើម្បីជួយបណ្តុះបណ្តាល សង្គ្រោះ និងដោះស្រាយជាមួយក្រុមភេរវករ ISIS នៅពេលដែលវាលេចឡើង... ប៉ុន្តែយើងនឹងមិនធ្វើបេសកកម្មប្រយុទ្ធ នៅក្នុងប្រទេសអ៊ីរ៉ាក់ទៀតនោះទេ នៅក្រោយដំណាច់ឆ្នាំ២០២១នេះ...»

គួរបញ្ជាក់ថា បច្ចុប្បន្ននេះមានកងទ័ពអាមេរិកប្រមាណ ២,៥០០នាក់នៅក្នុងប្រទេសអ៊ីរ៉ាក់ ដែលផ្តោតសំខាន់លើការប្រឆាំងនឹង វត្តមាននៅសល់តិចតួចនៃពួក ISIS។ តួនាទីរបស់សហរដ្ឋអាមេរិកនៅប្រទេសអ៊ីរ៉ាក់ នឹងផ្លាស់ប្តូរទាំងស្រុងទៅជាការជួយបណ្តុះបណ្តាល និងណែនាំដល់យោធាអ៊ីរ៉ាក់ ឱ្យការពារខ្លួនដោយខ្លួនឯងវិញ៕