(សេអ៊ូល)៖ វិមានប្រធានាធិបតីកូរ៉េខាងត្បូង Blue House នៅថ្ងៃអង្គារនេះ បានឲ្យដឹងថា កូរ៉េខាងត្បូងនិងកូរ៉េខាងជើង បានតភ្ជាប់ខ្សែទូរស័ព្ទបន្ទាន់ ដែលទីក្រុងព្យុងយ៉ាងកាត់ផ្តាច់មួយឆ្នាំមុន នៅពេលទំនាក់ទំនងធ្លាក់ដុនដាបខ្លាំងនោះ ឡើងវិញហើយ ខណៈមេដឹកនាំប្រទេសទាំងពីរ បាននិងកំពុងប្រឹងប្រែងស្តារចំណងទាក់ទង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៧ ខែកក្កដា ឆ្នាំ២០២១។

អ្នកនាំពាក្យប្រធានាធិបតីកូរ៉េខាងត្បូង បានប្រាប់ថា លោក មូ ជេអ៉ីន និងប្រមុខដឹកនាំកូរ៉េខាងជើងគឺ លោក គីម ជុងអ៊ុន ប៉ុន្មានខែមកនេះ បានផ្ញើលិខិតឆ្លើយឆ្លងគ្នាទៅវិញទៅមក ក្រោមគោលដៅរិះរកវិធី ដើម្បីផ្សះផ្សាទំនាក់ទំនងឡើង ហើយលោកទាំងពីរ ក៏បានឈានដល់ ការព្រមព្រៀងគ្នាតភ្ជាប់ខ្សែទូរស័ព្ទបន្ទាន់អន្តរកូរ៉េឡើងវិញ ដែលជាជំហានដំបូង ក្នុងការឆ្ពោះទៅសម្រេចគោលដៅនេះ។ ប្រព័ន្ធផ្សព្វផ្សាយ រដ្ឋរបស់កូរ៉េខាងជើង KCNA ក៏បានទទួលស្គាល់រឿងនេះ ហើយចាត់ទុកវាជាសញ្ញាវិជ្ជមានផងដែរ។

គួរបញ្ជាក់ថា កូរ៉េខាងជើងបានសម្រេចកាត់ផ្តាច់ខ្សែទូរស័ព្ទបន្ទាន់អន្តរកូរ៉េ កាលពីខែមិថុនា ឆ្នាំ២០២០ ស្របពេលដែលទំនាក់ទំនង កាន់តែធ្លាក់ដុនដាបទៅៗ ចាប់តាំងពីកិច្ចប្រជុំកំពូលលើកទី ដែលបរាជ័យកាលពីខែកុម្ភៈ ឆ្នាំ២០១៩ រវាងលោក គីម ជុងអ៊ុន និងអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ បន្ទាប់ពីនោះ កូរ៉េខាងជើងក៏បានកម្ទេចការិយាល័យសម្របសម្រួលរួមមួយ នៅខាងខ្លួនចោលថែមទៀត ក្រោយត្រូវបានសាងសង់ឡើង កាលពីឆ្នាំ២០១៨ ក្រោមស្មារតីលើកកម្ពស់ ចំណងទាក់ទងជាមួយកូរ៉េខាងត្បូង៕