(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកនឹងមិនដកចេញវិធានការរឹតត្បិតការធ្វើដំណើរណាមួយឡើយក្នុងស្ថានភាពបច្ចុប្បន្ន ដោយសារបារម្ភពីការឆ្លងរាលដាល នៃវីរុសបម្លែងថ្មី Delta ដែលកំពុងធ្វើឱ្យករណីឆ្លង COVID-19 នៅក្នុងសហរដ្ឋអាមេរិកកើនឡើងជាថ្មី។ នេះបើតាមសេតវិមានដកស្រង់ចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៧ ខែកក្កដា ឆ្នាំ២០២១។

ការសម្រេចចិត្តខាងលើត្រូវបានរាយការណ៍មុនគេ ដោយទីភ្នាក់ងារព័ត៌មាន Reuters និងបន្ទាប់ពីក្រុមមន្ត្រីជាន់ខ្ពស់អាមេរិកជួបប្រជុំគ្នា កាលពីថ្ងៃសុក្រ សប្ដាហ៍មុន។ តាមរយៈការសម្រេចចិត្តនេះ សហរដ្ឋអាមេរិកនឹងបន្តអនុវត្តវិធានការរឹតត្បិតដោយហាមឃាតប្រជាជនមកពីបណ្ដាប្រទេសមួយចំនួន ធ្វើដំណើរចូលមក្នុងប្រទេសរបស់ខ្លួន។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបានដាក់ចេញវិធានការរឹតត្បិតការធ្វើដំណើរតាំងតែពីឆ្នាំ២០២០មកម្លេះ។ ប្រជាជនមិនមែនជាពលរដ្ឋអាមេរិកដែលបានស្ថិត នៅរយៈពេលយ៉ាងហោច ១៤ថ្ងៃ ក្នុងប្រទេសដូចជាចក្រភពអង់គ្លេស, បណ្ដាប្រទេសអឺរ៉ុបទាំង២៦ ដែលអនុវត្តការធ្វើដំណើរដោយសេរីក្នុងតំបនឬហៅថា Schengen, ប្រទេសអ៊ែរឡង់, ចិន, ឥណ្ឌា, អាហ្វ្រិកខាងត្បូង, អ៉ីរ៉ង់ និងប្រេស៊ីល មិនត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរមកកាន់សហរដ្ឋអាមេរិកឡើយ៕