(ប៉េកាំង)៖ កាលពីថ្ងៃទី២៦ ខែកក្កដា លោក Xie Feng អនុរដ្ឋមន្ត្រីក្រសួងការបរទេសចិនបានជួបពិភាក្សាការងារជាមួយលោកស្រី Wendy Sherman អនុរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកនៅក្រុង Tianjin ។ នេះគឺជាកិច្ចសន្ទនាការទូតជាន់ខ្ពស់ម្តងទៀតរវាងចិននិងសហរដ្ឋអាមេរិកបន្ទាប់ពីកិច្ចជំនួបដែល បើកធ្វើនៅក្រុង Anchorage នៅចុងខែមីនាឆ្នាំនេះ។

ក្នុងកិច្ចពិភាក្សាការងារលើកនេះ ភាគីចិនបានអធិប្បាយយ៉ាងម៉ឺងម៉ាត់នូវគោលជំហរជាគោលការណ៍ចំពោះទំនាក់ទំនងរវាងចិននិងសហរដ្ឋអាមេរិក ដែលបានលើកឡើងនូវ «ការបញ្ឈប់» ចំនួនបួនចំពោះភាគីអាមេរិក ហើយបានបង្ហាញនូវ «បញ្ជីឈ្មោះ» ពីរច្បាប់ដើម្បីដាស់តឿនឱ្យភាគីអាមេរិក កែតម្រូវការយល់ដឹងដ៏ខុសឆ្គងចំពោះប្រទេសចិន និងគោលនយោបាយចំពោះប្រទេសចិនដែលមានគ្រោះថ្នាក់ជាទីបំផុត។

ការបង្ហាញអាកប្បកិរិយាជាសាធារណៈរបស់ភាគីចិន បានបង្ហាញយ៉ាងច្បាប់លាស់នូវការយកចិត្តទុកដាក់និងគំនិតផ្តួចផ្តើមស្តីពីការបង្វែរសភាពការណ៍ ដែលគ្មានអំណោយផលដល់ទំនាក់ទំនងរវាងចិន និងអាមេរិក។ ប្រការនេះក៏ធ្វើឱ្យមជ្ឈដ្ឋានខាងក្រៅមើលឃើញយ៉ាងច្បាស់ថែមមួយកម្រិតទៀតថា ហេតុអ្វីបានជាទំនាក់ទំនងរវាងចិន និងអាមេរិកបានធ្លាក់ចូលក្នុងភាពជាប់គាំងនាពេលបច្ចុប្បន្ននេះ ភាគីអាមេរិកត្រូវទទួលខុសត្រូវទាំងស្រុង។

ទាក់ទិននឹងការបង្ករឿងហេតុដ៏គ្រោះថ្នាក់របស់ភាគីអាមេរិកលើបញ្ហាតាមដានរកប្រភពដើមនៃវីរុសជំងឺកូវីដ១៩ បញ្ហាតៃវ៉ាន់ បញ្ហាពាក់ព័ន្ធនឹងភូមិភាគ ស៊ីនជាំង បញ្ហាពាក់ព័ន្ធនឹងតំបន់ហុងកុងនិងបញ្ហាអំពីសមុទ្រចិនខាងត្បូងជាដើម ភាគីចិនបានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំងម្តងទៀតក្នុងកិច្ចជំនួប ហើយទាមទារឱ្យភាគីអាមេរិកបញ្ឈប់ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិនភ្លាម បញ្ឈប់ការបំផ្លាញផលប្រយោជន៍របស់ចិន បញ្ឈប់ការបំពានខ្សែក្រហម និងបង្ករឿងហេតុ ក៏ដូចជាបញ្ឈប់ការបដិបក្ខគ្នាជាក្រុមដោយយកទស្សនៈតម្លៃធ្វើជាលេសផងដែរ។

ពី «ការបញ្ឈប់» ទាំងបួននេះ អ្នកនយោបាយមួយចំនួនរបស់ភាគីអាមេរិកគួរតែស្វែងយល់ពីសញ្ញាច្បាស់លាស់មួយ ពោលគឺភាគីចិនមិនធ្វើសម្បទាន ជាដាច់ខាតក្នុងវិស័យការពារអធិបតេយ្យភាព សន្តិខុសនិងផលប្រយោជន៍អភិវឌ្ឍន៍របស់ប្រទេសជាតិ។ ប្រសិនបើពួកគេប៉ុនប៉ងបង្ករឿងហេតុតាម ទំនើងចិត្ត នោះមុខជានឹងរងការវាយប្រហារតបតវិញមុតមាំពីភាគីចិនជាមិនខាន។

ភាគីអាមេរិកបានថ្លែងនៅមុនកិច្ចជំនួបលើកនេះថា សង្ឃឹមឱ្យទស្សនកិច្ចរបស់លោកស្រី Wendy Sherman លើកនេះអាចបង្កើត «ការគាំពារ» ចំពោះ ទំនាក់ទំនងរវាងចិននិងអាមេរិក ដើម្បីទប់ស្កាត់កុំឱ្យទំនាក់ទំនងទ្វេភាគីបន្តអាប់អួរទៅៗ។ តាមការពិត គំនិតផ្តួចផ្តើមជាគោលការណ៍របស់ភាគីចិននិង «បញ្ជីឈ្មោះ» ពីរច្បាប់ដែលភាគីចិនបានប្រកាស ទើបជាវេជ្ជបញ្ជាដែលភាគីអាមេរិកត្រូវការនោះ ហើយក៏ជា «ការគាំពារ» ដ៏ពិតប្រាកដចំពោះ ទំនាក់ទំនងរវាងចិននិងអាមេរិកផងដែរ។

បទពិសោធន៍ប្រវត្តិសស្ត្របានបញ្ជាក់ថា ប្រសិនបើចិននិងសហរដ្ឋអាមេរិកធ្វើកិច្ចសហប្រតិបត្តិការនឹងអាចផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក ប្រសិនបើបដិបក្ខគ្នានឹងមានផលប៉ះពាល់ទាំងសងខាង។ ពីក្រុង Anchorage ដល់ក្រុង Tianjin ភាគីចិនបានអធិប្បាយយ៉ាងច្បាស់លាស់នូវអាកប្បកិរិយា និងគោលជំហរចំពោះការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអាមេរិក។ ភាគីអាមេរិកចាំបាច់ត្រូវរៀនចេះការស្តាប់មតិយោបល់ និងគោរពអ្នកដទៃ ហើយដើរ ស្របតាមទិសដៅជាមួយនឹងភាគីចិន៕