(តែល អាវីវ)៖ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Naftali Bennett បាននិយាយថាប្រទេសរបស់លោកនឹងចាប់ផ្ដើមចាក់វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន Pfizer-BioNTech ដូសទី៣ សម្រាប់អ្នកមានអាយុចាប់ពី ៦០ឆ្នាំឡើងទៅ ដែលទទួលបានការចាក់វ៉ាក់សាំងពេញលេញរួចរាល់ហើយ។ នេះបើតាមការដកស្រង់ ការផ្សាយពីទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៣០ ខែកក្កដា ឆ្នាំ២០២១។

ការប្រកាសខាងលើរបស់លោក Naftali Bennett ធ្វើឡើងនៅក្នុងសុន្ទរកថាមួយតាមបញ្ចក់ទូរទស្សន៍នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ហើយតាមរយៈការសម្រេចចិត្ត នេះបានធ្វើឱ្យអ៉ីស្រាអែលក្លាយជាប្រទេសដំបូងគេដែលផ្ដល់ការចាក់វ៉ាក់សាំងដូសទី៣ ដល់ប្រជាជនរបស់ខ្លួន។ បើតាមលោក Naftali Bennett ពលរដ្ឋអ៉ីស្រាអែល មានអាយុ៦០ឆ្នាំឡើងទៅ ដែលទទួលបានការចាក់វ៉ាក់សាំងពេញលេញ ឬ ២ដូសរាល់ កាលពីជាង៥ខែមុន នឹងត្រូវបានអនុញ្ញាតឱ្យទទួលការចាក់វ៉ាក់សាំង
ដូសទី៣។

លោក Bennett បន្ថែមថាប្រធានាធិបតីអ៉ីស្រាអែលថ្មី លោក Isaac Herzog នឹងត្រូវចាក់វ៉ាក់សាំងដូសទី៣មុនគេ នៅថ្ងៃសុក្រនេះ រីឯពលរដ្ឋអ៉ីស្រាអែលទូទៅ មានអាយុដូចបានកំណត់ខាងលើនឹងទទួលបានការចាក់វ៉ាក់សាំងបន្ថែម នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប រួមទាំងប្រទេសដទៃទៀតមិនទាន់អនុម័តយល់ព្រមលើការវ៉ាក់សាំងបន្ថែមនេះទេ ដ្បិតបច្ចុប្បន្នមិនទាន់មាន ភស្តុតាងរឹងមាំណាមួយបញ្ជាក់ពីប្រសិទ្ធភាព និងភាពចំាបាច់តម្រូវឱ្យចាក់ដូសទី៣ នៅឡើយទេ៕