(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៩២,៤៨៥នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៣៩៨នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃសុក្រ ទី៣០ ខែកក្កដា ឆ្នាំ២០២១។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៣៥,៥៨៤,២៧២ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៦២៨,៤៩២នាក់ និងជាសះស្បើយឡើងសរុប ២៩.៦លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។

បើពិនិត្យទៅលើករណីឆ្លង និងស្លាប់ខាងលើនេះ គឺជាអត្រាខ្ពស់បំផុតឡើងវិញ នៅទូទាំងសហរដ្ឋអាមេរិក ដែលកំពុងស្ថិតក្នុងការវាយលុយក ដោយវីរុសបម្លែងថ្មី Delta។ សហរដ្ឋអាមេរិកនៅក្នុងសប្តាហ៍នេះ ក៏បានណែនាំឲ្យពាក់ម៉ាសឡើងវិញ នៅតាមទីកន្លែងបិទជិតផងដែរ ខណៈក្រុមហ៊ុនធំៗមួយចំនួនដូចជា Google ជាដើម បានតម្រូវឲ្យបុគ្គលិករបស់ខ្លួន ចាក់វ៉ាក់សាំងបង្ការ COVID-19 ជាចាំបាច់ ទើបអាចចូលបំពេញការងារនៅការិយាល័យបាន។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបជាង ៣៤៣លានដូសហើយ ជូនដល់ប្រជាជនទូទាំងប្រទេស ក្នុងនោះមនុស្សសរុបជិត ១៨៩លាននាក់ (៥៧.៦%នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស និង ១៦៣.៣១លាននាក់ (៤៩.៨% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕