(ម៉ានីល)៖ ប្រធានាធិបតីហ្វលីពីន លោក រ៉ូឌ្រីហ្គោ ឌូតើតេ នៅថ្ងៃសុក្រនេះបានអនុម័តការដាក់តំបន់រដ្ឋធានីម៉ានីល ឱ្យនៅក្រោមវិធានការបិទខ្ទប់ ដើម្បីទប់ស្កាត់ ការឆ្លងរាលដាល COVID-19 បង្កឡើងដោយវីរុសបម្លែងថ្មី Delta។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៣០ ខែកក្កដា ឆ្នាំ២០២១។

អ្នកនាំពាក្យប្រធានាធិបតីហ្វលីពីន លោក ហារី រ៉ូកេ (Harry Roque) បាននិយាយក្នុងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍ថា ការបិទខ្ទប់តំបន់រដ្ឋធានីម៉ានីល គឺជាការ សម្រេចចិត្តមួយដ៏លំបាក ប៉ុន្តែវាជាជម្រើសល្អសម្រាប់ប្រជាជនហ្វីលីពីនទាំងមូល។ អ្នកនាំពាក្យរូបនេះបន្ថែមថាតំបន់រដ្ឋធានីម៉ានីលដែលមានទីក្រុងចំនួន ១៦ និង ប្រជាជនច្រើនជាង ១៣លាននាក់កំពុងរស់នៅ នឹងត្រូវដាក់ឱ្យនៅក្រោមវិធានការបិទខ្ទប់យ៉ាងតឹងរ៉ឹងចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី២០ ខែសីហាខាងមុខនេះ។

វិធានការបិទខ្ទប់ដែលត្រូវបានគេរំពឹងថានឹងបង្កការខូចខាតដល់សេដ្ឋកិច្ចជាតិ ៤ពាន់លានដុល្លារ នឹងតម្រូវប្រជាជនស្ថិតនៅក្នុងផ្ទះ ដោយអាចចេញក្រៅបានតែ ក្នុងករណីចាំបាច់ដែលអាជ្ញាធរអនុញ្ញាត ដូចជាទិញម្ហូប ឬការស្វែងរកសេវាចំាបាច់តែប៉ុណ្ណោះ។

គួរបញ្ជាក់ថា វីរុសបម្លែងថ្មី Delta មានប្រភពដើមនៅក្នុងប្រទេសឥណ្ឌា បច្ចុប្បន្នកំពុងឆ្លងរាលដាលយ៉ាងសម្បើមនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងនៅជុំវិញពិភពលោក ដោយបង្ខំឱ្យរដ្ឋាភិបាលនានាដាក់ចេញវិធានការបិទខ្ទប់ ឬវិធានការសុខាភិបាលតឹងរ៉ឹងឡើងវិញ ចំពេលអង្គការសុខភាពពិភពលោក WHO ព្រមានថាវីរុសបម្លែងថ្មីនេះ នឹងរ៉ាប់រងករណីឆ្លង COVID-19 ថ្មីៗ នៅទូទាំងពិភពលោកក្នុងពេលអនាគតដ៏ខ្លីខាងមុខ៕