(ប៉េកំាង)៖ ប្រទេសចិនមានឃ្លាបុរាណមួយមាត់គឺ «落其实思其树,饮其流怀其源» មានប្រភពមកពី «徵调曲» របស់លោក Yu Xin អ្នកនិពន្ធនៅរជ្ជកាលខាងត្បូងនិងខាងជើង។ ឃ្លានេះមានន័យថា នៅពេលយើងទទួលបានផ្លែ នឹងនឹកគិតដល់ដើមឈើ នៅពេលយើងផឹកទឹក នឹងនឹកគិតដល់ប្រភពទឹក ដើម្បីបង្ហាញពីការមិនបំភ្លេចមាតុភូមិ មិនបំភ្លេចដើមកំណើត។

ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅក្នុងមហាសន្និបាតតំណាងទូទាំងប្រទេសចិននៃសហព័ន្ធមជ្ឈិដ្ឋានអក្សរសាស្ត្រនិងសិល្បៈចិនលើកទី១០ លោក Xi Jining ប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថាដោយប្រើប្រាស់ឃ្លាបុរាណ «落其实思其树,饮其流怀其源» នេះ ដើម្បីលើកទឹកចិត្តឱ្យអ្នកទាំងអស់គ្នាបង្កើត ជំនឿចិត្តលើវប្បធម៌ និងមិនបំភ្លេចដើមកំណើតរបស់ខ្លួន។

និយាយដល់វប្បធម៌ ប្រទេសកម្ពុជាក៏ជាប្រទេសដែលមានប្រវត្តិសាស្ត្រដ៏យូរលង់ដែរ ប្រជាជនកម្ពុជាដែលឧស្សាហ៍ព្យាយាមនិងឆ្លាតវៃបានបង្កើតអរិយធម៌អង្គរ ដ៏ល្បីល្បាញនៅលើពិភពលោក។ ប្រទេសកម្ពុជាបានបង្ហាញរូបប្រាសាទអង្គរវត្តនៅលើទង់ជាតិរបស់ខ្លួន គឺបង្ហាញនូវជំនឿចិត្តលើវប្បធម៌ដ៏ខ្ពង់ខ្ពស់ របស់ប្រជាជនកម្ពុជា។

ឆ្នាំ១៩៩២ អង្គរវត្តត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោក។ ឆ្នាំ១៩៩៣ ប្រទេសកម្ពុជានិងអង្គការយូណេស្កូនៃអង្គការសហប្រជាជាតិ បានផ្តួចផ្តើមសកម្មភាពអន្តរជាតិអំពីការអភិរក្សប្រាសាទអង្គរវត្ត ប្រទេសចិនបានសន្យាចូលរួមសកម្មភាពនេះ។ ចាប់តាំងពីពេលនោះមក ក្រុមអ្នកជំនាញអភិរក្ស វប្បធម៌ចិនជាច្រើនបាននាំគ្នាចូលរួមសកម្មភាពផ្លាស់ប្តូរវប្បធម៌រវាងចិននិងកម្ពុជាលើទឹកដីដ៏បូរមបុរាណនិងអាថ៌កំបាំងមួយនេះ។

ប៉ុន្មានឆ្នាំចុងក្រោយនេះ កិច្ចសហប្រតិបត្តិការរវាងចិននិងកម្ពុជាលើវិស័យអភិរក្សបេតិកភណ្ឌវប្បធម៌ក៏កាន់តែមានភាពជិតស្និទ្ធផងដែរ។ ខែមករា ឆ្នាំ២០១៨ រដ្ឋាភិបាលចិន និងកម្ពុជាបានចុះហត្ថលេខាលើ «ឯកសារផ្លាស់ប្តូរស្តីពីការអនុវត្តគម្រោងជួសជុលប្រាសាទភិមានអាកាស»។ នេះជាគម្រោងអភិរក្សនិងជួសជុលទី៣ ដែលប្រទេសចិនបានផ្តល់ជំនួយដល់ប្រទេសកម្ពុជាបន្ទាប់ពីអ្នកជំនាញចិនបានជួយប្រទេសកម្ពុជាក្នុងការជួសជុលប្រាសាទចៅសាយទេវតានិងប្រាសាទតាកែវ គម្រោងនេះនឹងត្រូវបញ្ចប់នៅឆ្នាំ២០៣០។

មើលពីប្រវត្តិសាស្ត្រនៃសម័យបុរាណនិងសម័យទំនើប ប្រសិនបើគ្មានជំនឿចិត្តលើវប្បធម៌ទេ នោះនឹងគ្មានការរីកចម្រើននិងការអភិវឌ្ឍខាងវប្បធម៌នោះឡើយ។ «落其实思其树,饮其流怀其源» ឃ្លាបុរាណនេះបានរំលឹកយើងថា មិនថាយើងដើរទៅទីកន្លែងឆ្ងាយប៉ុនណា យើងក៏មិនត្រូវបំភ្លេចពីដើមកំណើតរបស់ខ្លួននោះឡើយ៕