(ខូស បាហ្សា, បង់ក្លាដែស)៖ មនុស្សយ៉ាងហោច ២០នាក់បានស្លាប់ ហើយមនុស្សជាង ៣០០,០០០នាក់ទៀតដែលរស់នៅតាមភូមិនានា នៅតំបន់ភាគអាគ្នេយ៍ នៃប្រទេសបង់ក្លាដែស ក៏កំពុងជាប់គាំងផងដែរ បន្ទាប់ពីគ្រោះទឹកជំនន់ និងគ្រោះរអិលបាក់ដី បង្ករឡើងដោយព្យុះភ្លៀងរដូវមូសុង បានវាយប្រហារតំបន់នោះ ចាប់តាំងពីថ្ងៃចន្ទដើមសប្ដាហ៍នេះមកម៉្លេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៣០ ខែកក្កដា ឆ្នាំ២០២១។

តំបន់ដែលស្ថិតនៅតាមបណ្តោយព្រំដែនប្រទេសបង់ក្លាដែស-មីយ៉ាន់ម៉ាដែលមានជនជាតិមូស្លីម រ៉ូហីងយ៉ា (Rohinhya) ជិត០១លាននាក់ដែលបានភៀសខ្លួនចេញពី ប្រទេសមីយ៉ាន់ម៉ា ដែលស្ថិតនៅក្នុងជំរុំ ត្រូវបានវាយប្រហារដោយភ្លៀងធ្លាក់ខ្លាំង ចាប់តាំងពីថ្ងៃចន្ទដើមសប្ដាហ៍នេះ។

លោក Mamunur Rashid រដ្ឋបាលស្រុកបានគូសបញ្ជាក់ប្រាប់សារព័ត៌មាន AFP ថា «គ្រោះទឹកជំនន់ បានធ្វើឱ្យមនុស្សប្រហែល ៣០៦,០០០នាក់នៅក្នុងទីក្រុង ខូស បាហ្សា (Cox's Bazar) កំពុងស្ថិតក្នុងភាពជាប់គាំង។ យ៉ាងហោចណាស់ភូមិចំនួន៧០ ត្រូវបានជន់លិច, ផ្ទះសម្បែងជាច្រើនខ្នង ក៏ត្រូវបានរងការបំផ្លិចបំផ្លាញ ហើយមនុស្សរាប់ពាន់នាក់ ក៏មិនអាចចេញមកខាងក្រៅបានដែរ ក្នុងរយៈពេល ០៣ថ្ងៃចុងក្រោយនេះ ខណៈផ្លូវទាំងអស់ ក៏ត្រូវបានបិទ»។

លោក Mamunur Rashid បន្ថែមថា «មនុស្សយ៉ាងហោចណាស់ ២០នាក់ក៏បានស្លាប់ផងដែរ ដោយសារគ្រោះទឹកជំនន់ និងគ្រោះរអិលបាក់ដី ក្នុងនោះរួមមាន ជនជាតិដើមភាគតិចមូស្លីម Rohingya ចំនួន ០៦នាក់ ខណៈមនុស្សប្រហែល ៣៦,០០០នាក់ទៀតត្រូវបានជម្លៀសចេញទៅកាន់ទីទួលសុវត្ថភាព។

គួរបញ្ជាក់ថា កាលពីដើមសប្តាហ៍នេះ អាជ្ញាធរបង់ក្លាដែស បានជម្លៀសជនជាតិមូស្លីម Rohingya ចំនួន ១០,០០០នាក់ចេញពីជំរុំជនភៀសខ្លួនដែលស្ថិតនៅក្នុងទីក្រុង Cox's Bazar ដោយសារតែការវាយប្រហារដោយព្យុះភ្លៀងរដូវមូសុង។ ជនជាតិមូស្លីម Royingya ប្រហែល ៧៤០,០០០នាក់បានភៀសខ្លួនចេញពីរដ្ឋរ៉ាឃីន (Rakhine) ប្រទេសមីយ៉ាន់ម៉ាក្នុងឆ្នាំ២០១៧ បន្ទាប់ពីកងកម្លាំងសន្តិសុខ បានបើកការបង្ក្រាបដ៏ធំមួយដែលអង្គការសហប្រជាជាតិ (UN) បាននិយាយថា អាចជាអំពើប្រល័យពូជសាសន៍៕