(វៀងច័ន្ទ)៖ ក្រសួងសុខាភិបាលឡាវនៅថ្ងៃសុក្រនេះប្រកាសរកឃើញករណីឆ្លងថ្មី នៃជំងឺកូវីដ១៩ ចំនួន២៤៤ករណីបន្ថែមទៀតក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលនាំឲ្យករណីឆ្លងសរុបនៅទូទាំងប្រទេសកើនដល់ ៥,៧១៩ករណីហើយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរនៅយប់ថ្ងៃសុក្រ ទី៣០ ខែកក្កដា ឆ្នាំ២០២១។

អគ្គនាយករង នៃនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងរបស់ក្រសួងសុខាភិបាលឡាវលោក Sisavath Soutthaniraxay បានប្រាប់សន្និសីទសារព័ត៌មានមួយនៅរដ្ឋធានីវៀងច័ន្ទនៅព្រឹកថ្ងៃសុក្រនេះថា ករណីឆ្លងថ្មី នៃជំងឺកូវីដ ១៩ ចំនួន ២៤៤ត្រូវបានកត់ត្រាក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ក្នុងនោះមាន ២៤៣ករណីដែលនាំចូល និងមួយករណីជាករណីឆ្លងក្នុងសហគមន៍។

ករណីឆ្លងក្នុងសហគមន៍មួយករណីខាងលើនេះ ត្រូវបានរកឃើញនៅខេត្ត Savannakhet ខណៈអ្នកជំងឺម្នាក់វ័យ ៣៨ឆ្នាំនៅខេត្ត Champasak ត្រូវបានគេរាយការណ៍ថាស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ១៩ ផងដែរ៕