(វ៉ាស៊ីនតោន)៖ សេតវិមានអាមេរិកបានប្រកាសនៅថ្ងៃសុក្រ ទី៣០ ខែកក្កដានេះថា អនុប្រធានាធិបតីអាមេរិកលោកស្រី កាម៉ាឡា ហារីស នឹងធ្វើទស្សនកិច្ចជាផ្លូវការលើកដំបូងរបស់លោកស្រី ទៅកាន់ប្រទេសសិង្ហបុរី និងវៀតណាមនៅខែក្រោយនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅយប់ថ្ងៃសុក្រ ទី៣០ ខែកក្កដា ឆ្នាំ២០២១។

ដំណើរទស្សនកិច្ចរបស់លោកស្រីទៅកាន់ប្រទេសសិង្ហបុរី ធ្វើឡើងតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីលោក លីសៀន ឡុង។

លេខាធិការសារព័ត៌មានរបស់នាយករដ្ឋមន្ត្រីសិង្ហបុរី បានមានប្រសាសន៍ថា «ដំណើរទស្សនកិច្ចរបស់អនុប្រធានាធិបតីអាមេរិកលោកស្រី ហារីស បញ្ជាក់ពីភាពរឹងមាំនៃទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ»។

ប្រភពដដែលនេះបានបន្ថែមថា លោកស្រី ហារីស នឹងជួបជាមួយមេដឹកនាំសិង្ហបុរី និងពិភាក្សាអំពីវិធីធ្វើឱ្យកិច្ចសហប្រតិបត្តិការទ្វេភាគីកាន់តែស៊ីជម្រៅលើវិស័យជាច្រើន រួមមានវិស័យការពារជាតិ សន្តិសុខតាមអ៊ីនធឺណិត ពាណិជ្ជកម្មឌីជីថល ការប្រែប្រួលអាកាសធាតុ និងការឆ្លើយតបជាសកលចំពោះជំងឺរាតត្បាតកូវីដ -១៩ ជាដើម។

នៅខែក្រោយនេះដែរ លោកស្រី ហារីស ក៏នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសវៀតណាមផងដែរ ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់អនុប្រធានាធិបតីអាមេរិក។

ទោះជាយ៉ាងណាកាលបរិច្ឆេទ នៃដំណើរទស្សនកិច្ចរបស់អនុប្រធានាធិបតីអាមេរិកមកកាន់បណ្តាប្រទេសអាស៊ានខាងលើ មិនទាន់បានកំណត់ឲ្យជាក់លាក់នៅឡើយទេ៕