(វ៉ាស៉ីនតោន)៖ ជើងហោះហើរជម្លៀសមនុស្សលើកដំបូងនៅថ្ងៃសុក្រសប្ដាហ៍នេះ បាននាំជនជាតិអាហ្វហ្គានីស្ថាន ដែលធ្លាប់ធ្វើការជាមួយជនជាតិអាមេរិក នៅប្រទេសអាហ្វហ្គានីស្ថានជាង ២០០នាក់ ក្នុងនោះរួមមានទាំងកុមារ និងទារកជាច្រើននាក់ផងដែរ ទៅរកថ្នាលជីវិតថ្មីនៅលើកទឹកដីសហរដ្ឋអាមេរិក ហើយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) បាននិយាយថា លោកពិតជាមានមោទនភាពណាស់ ដែលបានស្វាគមន៍ពួកគេមកកាន់ផ្ទះថ្មី។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AP នៅព្រឹកថ្ងៃសោរ៍ ទី៣១ ខែកក្កដា ឆ្នាំ២០២១។

ការចាប់ផ្តើមជើងហោះហើរជម្លៀសដែលបាននាំអតីតអ្នកបកប្រែ និងមនុស្សដទៃទៀត ដែលកំពុងព្រួយបារម្ភពីការសងសឹកពីសំណាក់ក្រុមតាលីបង់ ទៅរកជីវិតថ្មីនៅសហរដ្ឋអាមេរិកនេះ បានបង្ហាញពីភាពមិនច្បាស់លាស់របស់សហរដ្ឋអាមេរិក អំពីការទទួលខុសត្រូវលើអនាគត របស់ប្រទេសអាស៊ីខាងត្បូងមួយនេះ ខណៈកងទ័ពអាមេរិកនឹងត្រូវដកចេញទាំងស្រុង នៅមុនខែកញ្ញា ឆ្នាំ២០២១ ចំពោះមុខការបង្កើនឥទ្ធិពលនៃក្រុមតាលីបង់។

បើតាមឯកសារផ្ទៃក្នុងរបស់រដ្ឋាភិបាលអាមេរិក ដែលទីភ្នាក់ងារសារព័ត៌មាន AP ទទួលបានបានឱ្យដឹងថា ជើងហោះហើរជម្លៀសលើកដំបូង គឺជាយន្តហោះដឹកជនជាតិអាហ្វហ្គានីស្ថានចំនួន ២២១នាក់ ក្រោមកម្មវិធីផ្តល់ទិដ្ឋាការពិសេស ក្នុងនោះក៏រួមមានកុមារ ៥៧នាក់ និងទារក ១៥នាក់ផងដែរ។ យន្តហោះនេះបានចុះចតនៅអាកាសយាន្តដ្ឋានអន្តរជាតិ ដាល់ឡែស (Dulles Internatinal Airport) ដែលស្ថិតនៅក្នុងរដ្ឋ វើជីនីញ៉ា (Virginia) ក្បែររដ្ឋធានីវ៉ាស៊ីនតោន នៃសហរដ្ឋអាមេរិក នៅយប់រំលងអធ្រាត្រ។

ជុំវិញបញ្ហានេះ លោក ចូ បៃដិន បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជើងហោះហើរនៅថ្ងៃសុក្រសប្ដាហ៍នេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលយើងបានបន្តបំពេញកិច្ចសន្យារបស់យើង ចំពោះជនជាតិអាហ្វហ្គានីស្ថានរាប់ពាន់នាក់ ដែលបានបម្រើការឱ្យគ្នាទៅវិញទៅមក ជាមួយកងទ័ពអាមេរិកក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះ នៅប្រទេសអាហ្វហ្គានីស្ថាន។ យ៉ាងណាក៏ដោយ មិនទាន់មានទិន្នន័យច្បាស់លាស់ ដែលអាចបញ្ជាក់ថា តើប្រជាជនអាហ្វហ្គានីស្ថានប៉ុន្មាននាក់ទៀត នឹងត្រូវអនុញ្ញាតឲ្យទៅកសាងជីវិតថ្មី នៅលើទឹកដីសហរដ្ឋអាមេរិកនោះឡើយ៕