(ប្រ៊ីសប៊ែន)៖ ទីក្រុងដ៏ធំបំផុតទី៣ របស់ប្រទេសអូស្ត្រាលី គឺទីក្រុងប្រ៊ីសប៊ែន (Brisbane) និងផ្នែកផ្សេងទៀតនៃរដ្ឋឃ្វីនស៍ឡេនដ៍ (Queensland) នឹងស្ថិតក្រោមវិធានការបិទខ្ទប់ភ្លាមៗ ចាប់ពីថ្ងៃសៅរ៍ ទី៣១ ខែកក្កដា ឆ្នាំ២០២១នេះតទៅតែម្តង ខណៈអាជ្ញាធរកំពុងព្យាយាមទប់ស្កាត់ការផ្ទុះឡើងនៃវីរុស COVID-19 បម្លែងខ្លួនថ្មី Delta ដែលមានសមត្ថភាពចម្លងលឿនរហ័ស និងងាយបង្ករឱ្យអ្នកជំងឺធ្លាក់ខ្លួនឈឺរហូតដល់ស្លាប់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៣១ ខែកក្កដា ឆ្នាំ២០២១។

ប្រជាជនរាប់លាននាក់នៅក្នុងទីក្រុង Brisbane និងតំបន់មួយចំនួនផ្សេងទៀត នឹងត្រូវដាក់ឱ្យស្ថិតនៅក្រោមបទបញ្ជាស្នាក់នៅផ្ទះ ចាប់ពីរសៀលថ្ងៃសៅរ៍នេះតទៅ ក្នុងរយៈពេល ០៣ថ្ងៃ។ នៅក្នុងវិធានការបិទខ្ទប់នេះ ប្រជាជននឹងត្រូវអនុញ្ញាតឱ្យចាកចេញពី ផ្ទះរបស់ពួកគេ លុះត្រាតែមានហេតុផលចាំបាច់ រួមមានការទិញគ្រឿងទេស និងការធ្វើលំហាត់ប្រាណជាដើម។

អាជ្ញាធរទីក្រុង Brisbane បានលើកឡើងថា «វិធីតែមួយគត់ ដើម្បីយកឈ្នះលើវីរុស COVID-19 បម្លែងខ្លួនថ្មី Delta គឺយើងត្រូវធ្វើសកម្មភាពឱ្យលឿនរហ័សបំផុត តាមដែលអាចធ្វើទៅបាន»

គួរបញ្ជាក់ថា ការបិទខ្ទប់របស់ទីក្រុង Brisbane កើតឡើងនៅពេលដែលទីក្រុងស៊ីដនី ដែលជាទីក្រុងដ៏ធំបំផុតរបស់ប្រទេសអូស្ត្រាលី និងតំបន់ជុំវិញនោះ កំពុងស្ថិតក្នុងសប្តាហ៍ទី៥ នៃវិធានការបិទខ្ទប់ ខណៈអាជ្ញាធរកំពុងព្យាយាមទប់ស្កាត់ការឆ្លងរីករាលដាលនៃវីរុស COVID-19 បម្លែងខ្លួនថ្មី Delta។

ដោយឡែក មានតែជិត ១៤ភាគរយប៉ុណ្ណោះនៃប្រជាជនសរុបរបស់ប្រទេសអូស្រ្តាលី ដែលបានចាក់វ៉ាក់សាំងពេញលេញ ខណៈនាយករដ្ឋមន្រ្តីអូស្រ្តាលី លោក ស្កុត ម៉ូរីសុន (Scott Morrison) មានគោលដៅចាក់វ៉ាក់សាំងពេញលេញជូនដល់ប្រជាជនប្រមាណ ៨០ភាគរយ មុននឹងរដ្ឋាភិបាលបើកព្រំដែនឡើងវិញ ព្រមទាំងបញ្ចប់វិធានការបិទខ្ទប់នៅក្នុងប្រទេស៕