(បាងកក)៖ ក្រសួងសុខាភិបាលថៃនៅថ្ងៃសៅរ៍ ទី៣១ ខែកក្កដា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗរហូតដល់ទៅចំនួន ១៨,៩១២ករណី ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលជាកំណត់ត្រាខ្ពស់បំផុតថ្មីមួយទៀត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានថៃ Bangkok Post។

បើតាមក្រសួងសុខាភិបាលថៃ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ មាន ១៨,១០២ករណី ត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ និង ៨១០ករណីទៀត ត្រូវបានរកឃើញនៅតាមពន្ធនាគារ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗ អ្នកជំងឺចំនួន ១៧៨នាក់បន្ថែមទៀតដែរបានស្លាប់ (ជាតួលេខអ្នកស្លាប់ខ្ពស់បំផុតមិនធ្លាប់មាន) ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ខណៈអ្នកជំងឺចំនួន ១០,៧៥០នាក់ផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងសរុប នៅទូទាំងប្រទេសចំនួន ៥៩៧,២៨៧ករណី ក្នុងនោះមានអ្នកស្លាប់ ៤,៨៥៧នាក់ និងអ្នកជាសះស្បើយ ៣៩១,៩២០នាក់។ ជាការឆ្លើយតបចំពោះពាក្យរិះគន់ កាន់តែខ្លាំងឡើងៗពីសំណាក់ប្រជាជនថៃ លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះបានថ្លែងថា ប្រទេសដទៃៗទៀតលើពិភពលោក កំពុងប្រឈមការរាតត្បាតជំងឺនេះ អាក្រក់ជាងថៃទៅទៀត។

ទោះប្រឈមនឹងការកើនឡើងយ៉ាងគំហុកនៃករណីឆ្លង ដែលពីរសប្តាហ៍មកនេះស្ថិតនៅលើស ១០,០០០នាក់ ក្នុងមួយថ្ងៃក៏ដោយ លោកនាយករដ្ឋមន្រ្តីថៃ នៅតែប្រកាន់ជំហរថា កិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលលោក ក្នុងការដោះស្រាយការឆ្លងរាតត្បាត COVID-19 មិនមែនជាបញ្ហាឡើយ ហើយលោកបាននិយាយថា ប្រទេសជាច្រើនផ្សេងទៀត ក៏មិនអាចគ្រប់គ្រងការរាតត្បាតជំងឺនេះបានដូចគ្នា៕