(វ៉ាស៉ីនតោន)៖ នៅថ្ងៃសុក្រសប្តាហ៍នេះ សហរដ្ឋអាមេរិកបានប្រកាសដាក់ទណ្ឌកម្ម ទៅលើកងកម្លាំងប៉ូលិសគុយបា ព្រមទាំងថ្នាក់ដឹកនាំពីររូបនៃស្ថាប័ននេះ ជាការឆ្លើយតបទៅនឹងអ្វីដែលទីក្រុងវ៉ាស៉ីនតោន ចាត់ទុកថាជាការបង្រ្កាបរបស់ រដ្ឋាភិបាលទីក្រុងឡាហាវ៉ាន់ ទៅលើក្រុមបាតុករកាលពីពេលកន្លងទៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៣១ ខែកក្កដា ឆ្នាំ២០២១។

ក្រសួងហិរញ្ញវត្ថុអាមេរិកបានឲ្យដឹងថា ទណ្ឌកម្មថ្មីខាងលើ មានគោលដៅលើថ្នាក់ដឹកនាំពីររូបនៃកងកម្លាំងប៉ូលិសគុយបា ព្រមទាំងទៅលើកងកម្លាំងប៉ូលិសជាតិរបស់ក្រសួងមហាផ្ទៃគុយបា ហើយវាគឺជាប្រតិកម្មចំពោះសកម្មភាពបង្រ្កាប លើការធ្វើបាតុកម្មគាំទ្រប្រជាធិបតេយ្យ ដែលប្រព្រឹត្តទៅដោយសន្តិវិធីនៅគុយបា កាលពីថ្ងៃទី១១ ខែកក្កដា។

ការដាក់ទណ្ឌកម្មថ្មីនេះ កើតមានឡើង ចំពេលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ត្រៀមជួបជាមួយ ថ្នាក់ដឹកនាំសហគមន៍គុយបានៅសហរដ្ឋអាមេរិក ដែលបានអំពាវនាវឲ្យរដ្ឋាភិបាលទីក្រុងវ៉ាស៉ីនតោន បង្ហាញការគាំទ្របន្ថែមចំពោះចលនាបាតុកម្ម នៅក្នុងប្រទេសគុយបា។

ចំណែកកាលពីសប្តាហ៍មុន ក្រសួងហិរញ្ញវត្ថុអាមេរិក ក៏បានប្រកាសដាក់ទណ្ឌកម្មលើរដ្ឋមន្រ្តីការពារជាតិគុយបា និងអង្គកម្លាំងពិសេសមួយរបស់ក្រសួងមហាផ្ទៃគុយបាផងដែរ ក្រោមហេតុផលដូចគ្នា។

គួរបញ្ជាក់ថា បាតុកម្មបានផ្ទុះឡើងនៅគុយបា ក្នុងខែកក្កដានេះ ស្របពេលដែលគុយបាប្រឈមនឹងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ បូករួមជាមួយវិបត្តិជំងឺរាតត្បាតសកល COVID-19 ខណៈប្រធានាធិបតីគុយបា បានអះអាងថា បញ្ហាទាំងនេះកើតមានឡើងចំពោះប្រទេសលោក គឺដោយសារតែទណ្ឌកម្មរបស់សហរដ្ឋអាមេរិក៕