(អាមេរិក)៖ អភិបាលរដ្ឋផ្លរីដា លោក រ៉ូន ដឺសាន់ទីស (Ron DeSantis) បានចេញបទបញ្ជាប្រតិបត្តិមួយ នៅថ្ងៃសុក្រសប្ដាហ៍នេះ ដោយរារាំងកាតព្វកិច្ចពាក់ម៉ាស នៅក្នុងសាលារៀនរបស់រដ្ឋ ក្រោមហេតុផលថាឪពុកម្តាយមានសិទ្ធិសម្រេចចិត្តថា តើកូនៗរបស់ពួកគេគួរតែពាក់ម៉ាសដែរឬយ៉ាងណា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៣១ ខែកក្កដា ឆ្នាំ២០២១។

ការសម្រេចដូចខាងលើរបស់លោក Ros Desantis ដែលធ្លាប់បានប្រឆាំងនឹងគោលការណ៍តឹងរ៉ឹងទប់ស្កាត់ COVID-19 ដែលដាក់ឲ្យ ប្រជាជននិងអាជីវកម្មអនុវត្តនោះ គឺលុបចោលវិញនូវការកំណត់របស់ អាជ្ញាធរនៅតំបន់ចំនួនពីររបស់រដ្ឋផ្លរីដា រួមមាន ប្រូវ៉ាដ ខោនធី (Broward County) និងហ្គេដសិន ខោនធី (Gadsen County) ដែលតម្រូវឲ្យសិស្សានុសិស្សទាំងអស់ ត្រូវអនុវត្តវិធានការពាក់ម៉ាស នៅពេលដែលពួកគេត្រលប់ទៅចូលរៀនវិញ នៅខែក្រោយនេះ។

ក្នុងការប្រកាសពីបទបញ្ជាប្រតិបត្តិរបស់លោក ក្នុងអំឡុងពេលថ្លែងសុន្ទរកថានៅទីក្រុង ខេប ខូរ៉ាល (Cape Coral) ភាគនិរតីនៃរដ្ឋផ្លរីដា លោក Desantis បានលើកឡើងដូច្នេះថា «នៅរដ្ឋផ្លរីដានឹងមិនមានការបិទខ្ទប់ ការបិទសាលារៀនដែរ វិធានការរឹតត្បិត ឬកាតព្វកិច្ចណាមួយឡើយ»។

គួរបញ្ជាក់ថា គោលជំហររបស់លោកអភិបាលរដ្ឋផ្លរីដា គឺហាក់មានភាពចម្រូងចម្រាស់ ជាមួយមេដឹកនាំនយោបាយប្រចាំមូលដ្ឋានមួយ ចំនួន នៅក្នុងរដ្ឋ ដូចជានៅតំបន់ ម៉ាយអាមី ឌេដ ខោនធី (Miami-Dade County) និងតំបន់ អ័ររែង ខោនធី (Orange County) ព្រមទាំងនៅទីក្រុង ផាម ប៊ីច (Palm Beach) ដែលពីមុនមក សុទ្ធតែធ្លាប់បានបានប្រឆាំងនឹងបទបញ្ជារបស់លោក Desantis ក្នុងការផ្អាករាល់វិធានការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ COVID-19 និងហាមឃាត់មិនឲ្យមានកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចចាក់វ៉ាក់សាំងជាដើម៕