(គូឡាឡាពួ)៖ ក្រុមស្លៀកឈុតខ្មៅដែលមានសមាជិករាប់រយនាក់ បានរៀបចំការតវ៉ាដ៏កម្រមួយ នៅថ្ងៃសៅរ៍ ទី៣១ ខែកក្កដា ឆ្នាំ២០២១នេះ ដើម្បីប្រឆាំងការបិទខ្ទប់ប្រទេស (lockdown) និងជាការដាក់សម្ពាធលើនាយករដ្ឋមន្ត្រីបច្ចុប្បន្ន គឺលោក មូហ៍យីដទីន យ៉ាសស៊ីន (Muhyiddin Yassin) ឲ្យលាលែងចេញពីតំណែង។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP។

ក្រុមអ្នកតវ៉ាខាងលើនេះ បានរៀបចំយុទ្ធនាការរបស់ពួកគេ នៅក្នុងទីក្រុងគូឡាឡាំពួ ដោយមានស្លៀកសំលៀកបំពាក់ពណ៌ខ្មៅ ពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាពយ៉ាងត្រឹមត្រូវផងដែរ ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាត COVID-19 ដែលកំពុងមានស្ថានភាពអាក្រក់ខ្លាំង នៅក្នុងប្រទេសអាស៊ានមួយនេះ។

អ្នកតវ៉ាម្នាក់បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP យ៉ាងដូច្នេះថា «យើងត្រូវតែប្រយុទ្ធនៅពេលនេះ ពីព្រោះនៅកំលុងពេលដែលប្រជាជន កំពុងរងទុក្ខលំបាក រដ្ឋាភិបាលមួយនេះបែរជាកំពុងរវល់ លេងល្បែងនយោបាយទៅវិញ...។ រដ្ឋាភិបាលមួយនេះក៏កំពុងធ្វើឲ្យសេដ្ឋកិច្ចធ្លាក់ចុះ និងបំផ្លាញលទ្ធិប្រជាធិបតេយ្យ របស់ប្រទេសយើងផងដែរ...»

គួរបញ្ជាក់ថា នៅលើបដាតវ៉ាដែលក្រុមឈុតខ្មៅខាងលើនេះបានសរសេរ គឺសុទ្ធតែមានអត្ថន័យប្រឆាំងទៅនឹងការបិទខ្ទប់ ព្រមទាំងរិះគន់ផងដែរ ចំពោះចំណាត់ការកន្លងមករបស់រដ្ឋាភិបាលម៉ាឡេស៊ី ក្នុងការទប់ទល់ជំងឺរាតត្បាតសកល COVID-19 ជាពិសេសគឺវីរុសបម្លែងថ្មី Delta។ បដាខ្លះត្រូវបានសរសេរថា «រដ្ឋាភិបាល (ម៉ាឡេស៊ី) បានបរាជ័យហើយ»