(កាប៊ុល)៖ ជើងហោះហើរនៅឯអាកាសយានដ្ឋានទីក្រុង Kandahar ប្រទេសអាហ្វហ្កានីស្ថាន ត្រូវពន្យារពេលនៅព្រឹកថ្ងៃអាទិត្យនេះ បន្ទាប់ពីគ្រាប់រ៉ុក្កែតជាច្រើនគ្រាប់ ធ្លាក់ចំអាកាយានដ្ឋានអន្តរជាតិដ៏សំខាន់ទី២ នៃប្រទេសអាស៊ីខាងត្បូងមួយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ នៅថ្ងៃអាទិត្យ ទី០១ ខែសីហា ឆ្នាំ២០២១។

បើតាមក្រុមមន្ត្រីអាហ្វហ្កានីស្ថាន ក្រុមតាលីបង់បាញ់គ្រាប់រ៉ុក្កែតចំនួន ៣គ្រាប់លើអាកាសយានដ្ឋានអន្តរជាតិ Kandahar ហើយក្នុងនោះមានពីរគ្រាប់ធ្លាក់ចំផ្លូវសម្រាប់ យន្ដហោះចុះចតកាលពីយប់ថ្ងៃសៅរ៍ម្សិលមិញ។ ប៉ុន្តែ ភ្លាមៗមិនទាន់សេចក្ដីរាយការណ៍ពីអ្នកស្លាប់ ឬរងរបួសនៅឡើយទេ ហើយក្រុមតាលីបង់ក៏មិនទាន់ប្រតិកម្មអ្វីទៅ នឹងការចោទប្រកាន់នេះដែរ ខណៈពួកគេកំពុងបង្កើនការវាយលុកដណ្ដើមទឹកដីពីរដ្ឋាភិបាលទីក្រុងកាប៊ុល។

គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ម្សិលមិញ ជនស៊ីវិល ៣នាក់ ត្រូវបានសម្លាប់ និង១០នាក់ទៀតក្នុងនោះមានស្ត្រី ២នាក់ និងកុមារ ២នាក់ បានរងរបួសនៅក្នុងការវាយប្រយុទ្ធគ្នា រវាងក្រុមតាលីបង់ និងកងកម្លាំងរដ្ឋាភិបាលទីក្រុងកាប៊ុល ក្នុងទីក្រុង Kandahar៕