(បាងកក)៖ ក្រសួងសុខាភិបាលថៃនៅព្រឹកថ្ងៃចន្ទ ទី០២ ខែសីហា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗរហូតដល់ចំនួន ១៧,៩៧០ករណី ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានថៃ Bangkok Post។

បើតាមក្រសួងសុខាភិបាលថៃ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះមាន ១៧,៧៩៥ករណី ត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ និង ១៧៥ករណីទៀត ត្រូវបានរកឃើញនៅតាមពន្ធនាគារ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗ អ្នកជំងឺចំនួន ១៧៨នាក់បន្ថែមទៀតដែរបានស្លាប់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា។

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងសរុប នៅទូទាំងប្រទេសចំនួន ៦៣៣,២៨៤ករណី ក្នុងនោះមានអ្នកស្លាប់សរុប ៥,១៦៨នាក់ និងអ្នកជាសះស្បើយវិញ ៤១៩,២៤១នាក់។ ប្រទេសថៃបច្ចុប្បន្នត្រូវបានគេមើលឃើញថា កំពុងតស៊ូប្រយុទ្ធនឹងការឆ្លងរាតត្បាត COVID-19 យ៉ាងគំហុក ជាពិសេសគឺវីរុសបម្លែងថ្មី Delta ដែលបាននិងកំពុងធ្វើឲ្យទីក្រុងបាងកក និងខេត្តជុំវិញនោះ មើលឃើញកំណើនអ្នកជំងឺរាប់រយរាប់ពាន់នាក់ក្នុងមួយថ្ងៃៗ ដែលនាំឲ្យវិស័យសុខាភិបាល ទទួលរងសម្ពាធកាន់តែខ្លាំងឡើងៗ៕