(កាប៊ុល)៖ ក្រុមហ៊ុនអាកាសចរណ៍ Ariana Afghan Airlines របស់ប្រទេសអាហ្វហ្កានីស្ថាន បានចាប់ផ្ដើមដំណើរការជើងហោះហើរនៅក្នុងស្រុករបស់ខ្លួនឡើងវិញហើយ បន្ទាប់ពីក្រុមតាលីបង់ឡើងកាន់អំណាចជាថ្មី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃអាទិត្យ ទី០៥ ខែកញ្ញា ឆ្នាំ២០២១។
បើតាមសារព័ត៌មានអាហ្វហ្កានីស្ថាន Tolonews ក្រុមហ៊ុន Ariana Afghan Airlines បានបើកដំណើរការជើងហោះហើរឡើងវិញពីទីក្រុងកាប៊ុល ទៅទីក្រុង ហេរ៉ាត់ (Herat) ទីក្រុង ម៉ាហ្សា-អ៉ី-សារីហ្វ (Mazar-i-Sharif) និងទីក្រុងកាន់ដាហា (Kandahar)។ នេះគឺជាការបើកដំណើរការជើងហោះហើរក្នុងស្រុកជាលើកដំបូងរបស់ ក្រុមហ៊ុន Ariana ចាប់តាំងពីសហរដ្ឋអាមេរិក និង NATO ដកកងទ័ពចេញទាំងស្រុងពីអាហ្វហ្កានីស្ថានកាលពីថ្ងៃទី៣១ ខែសីហាមក។
ប៉ុន្តែព្រលពេលជាមួយគ្នា ក្រុមហ៊ុនអាកាសចរណ៍ឯកជនអាហ្វហ្កានីស្ថានដទៃទៀត ដូចជាក្រុមហ៊ុន Kam Air ក៏ត្រូវបានគេរាយការណ៍ផងដែរថាបានប្ដូរយន្ដហោះរបស់ខ្លួន ពីអាកាសយានដ្ឋានកាប៊ុល ទៅកាន់អាកាសយានដ្ឋានក្នុងទីក្រុង Mashhad នៃប្រទេសអ៉ីរ៉ង់ជាបណ្ដោះអាសន្នសិន ដោយសារពួកគេព្រួយបារម្ភពីភាពលាចល។
គួរបញ្ជាក់ថា ប្រទេសកាតាបានបញ្ជូនក្រុមអ្នកជំនាញរបស់ខ្លួនជាច្រើននាក់ទៅកាន់អាហ្វហ្កានីស្ថាន ដើម្បីជួយជួសជុល និងដំណើរការជើងហោះហើរឡើងវិញនៅឯ អាកាសយានដ្ឋានកាប៊ុល ក្រោយយន្ដហោះកាតា និងយន្ដហោះរបស់អេមីរ៉ាតអារ៉ាប់រួម បានដឹកជំនួយមនុស្សធម៌ចុះចតនៅអាកាសយានដ្ឋានកាប៊ុល កាលពីប៉ុន្មានថ្ងៃមុននេះ៕