(ញូយ៉ក)៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូទែរែស (Antonio Guterres) បានបង្ហាញការសាទរ និងស្វាគមន៍ចំពោះការប្រកាសបង្កើត រដ្ឋាភិបាលថ្មីមួយនៅក្នុងប្រទេសលីបង់។ នេះបើតាមប្រភពពីអ្នកនាំពាក្យរបស់លោក Guterres ដកស្រង់ និងចេញផ្សាយដោយសារព័ត៌មានចិន CGTN នៅព្រឹកថ្ងៃសៅរ៍ ទី១១ ខែកញ្ញា ឆ្នាំ២០២១។

នៅក្នុងសេចក្ដីថ្លែងការណ៍ ចេញផ្សាយនៅថ្ងៃសុក្រសប្ដាហ៍នេះ (ម៉ោងញូយ៉ក) អ្នកនាំពាក្យរបស់លោក Guterres គឺលោក ស្ទេហ្វាន ឌូចារិច (Stephane Dujarric) បានបញ្ជាក់ដូច្នេះថា «ប្រជាជននៃប្រទេសលីបង់ កំពុងតស៊ូជម្នះលើវិបត្តិយ៉ាងជ្រៅ និងដ៏ពិបាក... ហើយលោកអគ្គលេខាធិការក៏បានជំរុញផងដែរ ឱ្យរដ្ឋាភិបាលលីបង់ថ្មីអនុវត្តការធ្វើកំណែទម្រង់ ដើម្បីដោះស្រាយបញ្ហាចំាបាច់នានា និងតម្រូវការរបស់ប្រជាជនលីបង់»

គួរបញ្ជាក់ថា ប្រទេសលីបង់បានឆ្លងកាត់ដំណាក់កាល គ្មានរដ្ឋាភិបាលដឹកនាំប្រទេសអស់រយៈពេល ១៣ខែមកហើយ ចាប់តាំងពីការផ្ទុះសារធាតុគីមីដ៏ធំសម្បើម នៅឯកំពង់ផែទីក្រុង បេរូត (Beirut) កាលពីខែសីហា ឆ្នាំ២០២០ ដែលបានផ្ដាច់ជីវិតមនុស្ស ២១៨នាក់ និងជាង ៧,០០០នាក់រងរបួស ខណៈសេដ្ឋកិច្ចជាតិវិញបានខាតបង់ ១៥ពាន់លានដុល្លារអាមេរិក៕