(ប៉េកាំង)៖ ព្រឹកថ្ងៃទី១០ ខែកញ្ញា តាមម៉ោងក្រុងប៉េកាំង លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាតាមទូរស័ព្ទជាមួយលោក បៃដិន ប្រធានាធិបតីអាមេរិក ដោយបានធ្វើការប្រាស្រ័យទាក់ទងនិងផ្លាស់ប្តូរជាយុទ្ធសាស្ត្រ និងប្រកបដោយភាពស្មោះត្រង់ ស៊ីជម្រៅ និងទូលំទូលាយអំពីទំនាក់ទំនងរវាងចិន និងអាមេរិក និងបញ្ហា ដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា។

នេះជាលើកទីពីរហើយ នៃការជួបពិភាក្សាតាមទូរស័ព្ទរវាងប្រមុខរដ្ឋចិន និងអាមេរិក បន្ទាប់ពីរំលងអស់រយៈពេល ៧ខែកាលពីយប់ដាច់ឆ្នាំតាមចន្ទគតិចិនឆ្នាំនេះ។ ក្នុងនាម ជាប្រទេសកំពុងអភិវឌ្ឍន៍ធំជាងគេ និងប្រទេសរីកលូតលាស់ធំជាងគេនៅលើពិភពលោក តើចិននិងអាមេរិកអាចដោះស្រាយទំនាក់ទំនងទ្វេភាគីឱ្យបានឬអត់ វាពាក់ព័ន្ធ ដល់អនាគតនិងជោគវាសនារបស់ពិភពលោក ដូចនេះប្រទេសទាំងពីរចាំបាច់ត្រូវឆ្លើយតបនឹង «សំណួរសតវត្សរ៍» នេះឱ្យបានល្អ។

បច្ចុប្បន្ននេះ មូលហេតុដែលបណ្តាលឱ្យទំនាក់ទំនងចិន និងអាមេរិកធ្លាក់ក្នុងភាពគាំងដំណើរដែលពីមុនមិនធ្លាប់មាន គឺដោយមកពីអាមេរិកបានធ្វើវិនិច្ឆ័យខុសឆ្គង យ៉ាងធ្ងន់ធ្ងរចំពោះប្រទេសចិន ដោយបានចាត់ទុកប្រទេសចិនជា «សត្រូវស្រមើស្រមៃ» និងបំពានខ្សែបន្ទាត់ក្រហមរបស់ចិនជាបន្តបន្ទាប់ ក៏ដូចជាខិតខំប្រឹងប្រែងទប់ស្កាត់ ប្រទេសចិននៅទូទាំងពិភពលោក។ គួរតែអាស្រ័យដោយអ្នកបង្ករឿងដោះស្រាយបញ្ហា។ ប្រសិនជាចង់ឱ្យទំនាក់ទំនងរវាងចិង និងអាមេរិកត្រូវបានកែលម្អ នោះអាមេរិក ចាំបាច់ត្រូវកែប្រែគោលនយោបាយខុសឆ្គងចំពោះប្រទេសចិន បញ្ឈប់ការចាត់ទុកប្រទេសចិនជាការគំរាមកំហែងនិងគូប្រកួត ព្រមទាំងបញ្ឈប់ការបំផ្លិចបំផ្លាញ អធិបតេយ្យភាព សនិ្តសុខនិងផលប្រយោជន៍អភិវឌ្ឍន៍របស់ប្រទេសចិន។

មជ្ឈដ្ឋានខាងក្រៅបានចាប់អារម្មណ៍ថា ក្នុងកិច្ចជំនួបតាមទូរស័ព្ទលើកនេះ លោក បៃដិន ប្រធានាធិបតីអាមេរិកបានបញ្ចេញសញ្ញាដែលចង់ផ្តួចផ្តើមឱ្យធ្វើកិច្ចសន្ទនា និងកិច្ចសហប្រតិបតិ្តការ ឧទាហរណ៍ដូចជា លោកបានសម្គាល់ឃើញថាទំនាក់ទំនងរវាងអាមេរិក និងចិនជាទំនាក់ទំនងទ្វេភាគីដ៏សំខាន់ជាងគេនៅលើពិភពលោក ហើយ បានចង្អុលបង្ហាញថា ប្រទេសទាំងពីរគ្មានមូលហេតុកើតមានការប៉ះទង្គិចដោយសារការប្រកួតប្រជែងជាដើម។

យ៉ាងណាមិញ គួរតែស្តាប់ពាក្យសំដី និងមើលអាកប្បកិរិយារបស់ភាគីអាមេរិក។ អ្នកផងទាំងពួងនៅតែចងចាំថាក្នុងកិច្ចជំនួបតាមទូរស័ព្ទរវាងប្រមុខរដ្ឋចិន និងអាមេរិក នៅយប់ថ្ងៃដាច់ឆ្នាំតាមចន្ទគតិចិនឆ្នាំនេះ លោក បៃដិន ក៏បានថ្លែងថា ចិននិងអាមេរិកគួរតែចៀសវាងកុំឱ្យកើតមានការប៉ះទង្គិច ការយល់ច្រឡំនិងការធ្វើវិនិច្ឆ័យខុស ប៉ុន្តែក្នុងរយៈពេល៧ខែកន្លងមក អាមេរិកបានលើកកម្ពស់លំដាប់ថ្នាក់ជាបន្តបន្ទាប់ដើម្បីទប់ស្កាត់ប្រទេសចិន។ ដូចនេះ អាចនិយាយបានថាពាក្យសំដីរបស់ក្រុងវ៉ាស៊ីនតោន មិនសំខាន់នោះទេ អ្វីដែលជាគន្លឹះ គឺចាំបាច់ត្រូវមានការអនុវត្តជាក់ស្តែង និងធ្វើតាមពាក្យសន្យាយ៉ាងពិតប្រាកដ។

ប្រវតិ្តសាស្ត្រ និងការពិតបានបញ្ជាក់ម្តងទៀតថា៖ កិច្ចសហប្រតិបតិ្តការរវាងចិននិងអាមេរិក នឹងផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ ក៏ដូចជាពិភពលោកទាំងមូល ផងដែរ ការបដិបក្ខគ្នារវាងចិននិងអាមេរិក និងបណ្តាលឱ្យប្រទេសទាំងពីរនិងពិភពលោកសុទ្ធតែរងផលប៉ះពាល់។ ក្នុងកិច្ចសន្ទនាតាមរយៈទូរស័ព្ទលើកនេះប្រមុខរដ្ឋចិន និងអាមេរិកបានបង្ហាញនូវក្តីបំណងដែលចង់ជំរុញកិច្ចសហប្រតិបតិ្តការ។ នេះជាដំណឹងដែលពិភពលោករំពឹងទុក។

ប្រការដែលគួរតែលើកឡើង នោះគឺកិច្ចសហប្រតិបតិ្តការវាងចិន និងអាមេរិកគ្មានលទ្ធភាពឃ្លាតពីស្ថានភាពទូទៅនៃទំនាក់ទំនងទ្វេភាគីនោះទេ។ ប្រសិនជាអាមេរិក ពិតជាចង់ជំរុញកិច្ចសហប្រតិបតិ្តការជាមួយប្រទេសចិន នោះត្រួវធ្វើសកម្មភាពជាក់ស្តែងដោយឈរលើយុទ្ធសាស្ត្រត្រឹមត្រូវ ក្នុងន័យអនុវត្តស្មារតីនៃកិច្ចសន្ទនា តាមរយៈទូរស័ព្ទរបស់ប្រមុខរដ្ឋប្រទេសទាំងពីរ និងឆ្លើយតប «សំណួរសតវត្សរ៍» ឱ្យបានល្អ។
ប្រការនេះមិនត្រឹមតែសមស្របនឹងផលប្រយោជន៍រួមរបស់ប្រជាជននៃប្រទេសទាំងពីរចិននិងអាមេរិកប៉ុណ្ណោះទេ ថែមទាំងក៏ជាការរំពឹងទុកជាទូទៅរបស់ សហគមន៍អន្តរជាតិផងដែរ៕