(ហាណូយ)៖ អាជ្ញាធរវៀតណាម នៅថ្ងៃចន្ទ ទី១៣ ខែកញ្ញា ឆ្នាំ២០២១នេះ បានព្រមានពីហានិភ័យនៃគ្រោះទឹកជំនន់ និងគ្រោះរអិលបាក់ដី ដែលបង្កឡើងដោយព្យុះត្រូពិក ឈ្មោះ ខុនស៊ុន (Conson) ទោះបីជាកម្លាំងខ្យល់ព្យុះនេះ មានការថយចុះ នៅក្បែរបណ្តោយឆ្នេរភាគកណ្តាលប្រទេសវៀតណាម កាលពីចុងសប្តាហ៍នេះក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters។

ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយរបស់វៀតណាម បាននិយាយថា ភ្លៀងធ្លាក់ខ្លាំងដែលបង្កឡើងដោយព្យុះ Conson បានសម្លាប់មនុស្សម្នាក់ និងបានបំផ្លាញផ្ទះសម្បែងចំនួន ៣១ខ្នង ហើយបានជន់លិចផ្ទៃដីស្រូវជាង ១,០០០ហិកតា នៅភាគកណ្តាលប្រទេស។

កាលពីសប្តាហ៍មុន អាជ្ញាធរវៀតណាម បានប្រុងជើងការទាហានចំនួន ៥០០,០០០នាក់ ហើយរៀបចំផែនការជម្លៀសប្រជាជន និងបានបញ្ជាឱ្យទូក-កប៉ាល់នានា បន្តស្ថិតនៅកំពង់ផែ ខណៈប្រទេសនេះ បានត្រៀមរួចជាស្រេចសម្រាប់ការមកដល់របស់ព្យុះ Conson។

ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយរបស់វៀតណា បាននិយាយបន្ថែមថា តំបន់ចាប់ពីខេត្តក្វាងប៊ិញ (Quang Binh) រហូតដល់ខេត្តក្វាងង៉ៃ (Quang Ngai) និងខេត្តខុនទុម (Kon Tum) កំពុងប្រឈមនឹងការគំរាមកំហែង នៃគ្រោះរអិលបាក់ដី និងគ្រោះទឹកជំនន់។

គួរបញ្ជាក់ថា ប្រទេសវៀតណាម ងាយរងគ្រោះដោយសារព្យុះ និងគ្រោះទឹកជំនន់ណាស់ ដោយសារតែមានឆ្នេរសមុទ្រប្រវែងវែង។ គ្រោះធម្មជាតិ ជាពិសេសគ្រោះទឹកជំនន់ និងគ្រោះរអិលបាក់ដីដែលបង្កឡើងដោយព្យុះ បានសម្លាប់មនុស្សចំនួន ៣៧៩នាក់ និងបានធ្វើឱ្យមនុស្សចំនួន ១,០៦០នាក់ផ្សេងទៀតរងរបួស នៅក្នុងប្រទេសនេះ កាលពីឆ្នាំមុន៕