(ហាណូយ)៖ មនុស្សសរុបចំនួន ១៥នាក់ ក្នុងនោះមានទាំងក្មេងប្រុសអាយុ ៧ឆ្នាំម្នាក់ផងដែរ ត្រូវបានគេរកឃើញនៅក្នុងទូរថយន្តក្លាស្សេ ក្នុងប្រទេសវៀតណាម បន្ទាប់ពីពួកគេបានព្យាយាមរត់គេចចេញពីតំបន់ lockdown នៅភាគខាងត្បូងប្រទេស ដែលរងគ្រោះធ្ងន់ធ្ងរដោយការរាតត្បាត COVID-19។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅល្ងាចថ្ងៃចន្ទ ទី១៣ ខែកញ្ញា ឆ្នាំ២០២១។

កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ប៉ូលិសវៀតណាមនៅខេត្ត ប៊ិញថ័ន (Binh Thuan) បានរកឃើញមនុស្សមួយក្រុមគ្នា ១៥នាក់ នៅក្នុងរថយន្តដឹកទូក្លាស្សេមួយគ្រឿង ដែលបានបង្កភាពសង្ស័យនៅពេលរថយន្តនោះ ព្យាយាមឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យ COVID-19 មួយកន្លែង នៅតាមផ្លូវសំដៅទៅភាគខាងជើង។

នៅពេលត្រូវបានប៉ូលិសឆែកឃើញ បុរសម្នាក់ដែលធ្វើដំណើរជាមួយ កូនប្រុសអាយុ ៧ឆ្នាំរបស់ខ្លួនបាននិយាយដូច្នេះថា «ពួកយើងដឹងហើយថា វាមានហានិភ័យ និងគ្រោះថ្នាក់ខ្លាំង សម្រាប់ការធ្វើដំណើរក្នុងរថយន្តដឹកទូក្លាស្សេ ប៉ុន្តែបើមិនធ្វើបែបនេះទេ ពួកយើងនឹងត្រូវប្រឈមហានិភ័យខ្ពស់ លើសនេះទៅទៀត ប្រសិនបើឆ្លង COVID-19»

យោងតាមប្រព័ន្ធផ្សព្វផ្សាយវៀតណាម អ្នកទាំងនោះបានធ្វើដំណើរមកពីខេត្ត ដុង ណៃ (Dong Nai) ដែលនៅមិនឆ្ងាយពីគ្នាប៉ុន្មានឡើយពីខេត្តខាងលើ និងជាតំបន់មួយ ដែលបានកត់ត្រាករណីឆ្លង COVID-19 ច្រើនជាង ៣៥,០០០នាក់ និងស្លាប់ ៣២០នាក់។ ខេត្តនោះបានស្ថិតក្រោមការបិទខ្ទប់ តាំងតែពីដើមខែកក្កដា ឆ្នាំ២០២១នេះ។ ពួកគេមានគោលដៅធ្វើដំណើរទៅកាន់តំបន់ភាគកណ្តាល។

គួរបញ្ជាក់ថា វៀតណាមបាននិងកំពុងព្យាយាមគ្រប់គ្រង ការឆ្លងរាតត្បាត COVID-19 រលកថ្មីចុងក្រោយគេ ដែលផ្ទុះឡើងចាប់តាំងពីខែមេសា ឆ្នាំនេះ ជាពិសេសេនៅតំបន់ភាគខាងត្បូង ដោយមនុស្សរាប់សិបលាននាក់ ត្រូវស្ថិតក្រោមវិធានការកុំចេញពីផ្ទះ ហើយការធ្វើដំណើរនៅក្នុងប្រទេស ភាគច្រើនត្រូវបានរឹតត្បិត។ មកទល់ពេលនេះ វៀតណាមមានករណីឆ្លងសរុបជាង ៦១០,០០០នាក់ និងស្លាប់ជាង ១១,៤០០នាក់៕