(វ៉ាស៊ីនតោន)៖ អ្នកនាំពាក្យសេតវិមានលោកស្រី Karine Jean-Pierre បាននិយាយថាសហរដ្ឋអាមេរិកនៅតែត្រៀមខ្លួនជានិច្ច ដើម្បីរក្សាការទំនាក់ទំនងជាមួយ កូរ៉េខាងជើង បើទោះជាទីក្រុងព្យុងយ៉ាងទើបតែប្រកាសពីការធ្វើតេស្ដមីស៊ីលចង្អុលប្រាប់ទិស ឬគ្រូសមីស៊ីល (cruise missile) រយៈចម្ងាយឆ្ងាយដោយជោគជ័យ កាលពី ចុងសប្ដាហ៍កន្លងទៅនេះក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៤ ខែកញ្ញា ឆ្នាំ២០២១។

ថ្លែងប្រាប់អ្នកសារព័ត៌មាននៅក្នុងសន្និសីទកាសែតដ៏ខ្លីមួយនៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) លោកស្រី ការីន ហ្សង់ ព្យែរ (Karine Jean-Pierre) បានបញ្ជាក់ ដូច្នេះថា «គោលជំហររបស់យើងចំពោះកូរ៉េខាងជើង នឹងមិនផ្លាស់ប្ដូរទេ ហើយយើងនៅតែត្រៀមខ្លួនក្នុងការទំនាក់ទំនងដដែល»

គួរបញ្ជាក់ថា សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានចេញផ្សាយកាលពីថ្ងៃចន្ទ ទី១៣ ខែកញ្ញាកន្លងទៅ បានអះអាងថាទីក្រុងព្យុងយ៉ាងបានធ្វើតេស្តដោយជោគជ័យ នូវគ្រាប់មីស៊ីលចង្អុលប្រាប់ទិសក្នុងរយៈចម្ងាយឆ្ងាយ ដែលគេតែងហៅថា គ្រូសមីស៊ីល (cruise missile) ប្រកបដោយជោគជ័យ កាលពីថ្ងៃអាទិត្យម្សិលមិញ។

KCNA បានឲ្យដឹងទៀតថា គ្រាប់មីស៊ីលដែលអាចមានសមត្ថភាព ពាំក្បាលគ្រាប់នុយក្លេអ៊ែរខាងលើនេះ បានហោះហើរក្នុងរយៈចម្ងាយ រហូតដល់ទៅ ១,៥០០គីឡូម៉ែត្រ រួចទើបបុកចំគោលដៅទៅតាមការកំណត់ ហើយក៏បានធ្លាក់ទៅក្នុងដែនសមុទ្រ នៃប្រទេសកូរ៉េខាងជើងតែម្តង។ វាគឺជាការធ្វើតេស្តលើកចុងក្រោយហើយ បើគិតចាប់តាំងពីការធ្វើតេស្ត គ្រាប់មីស៊ីលរយៈចម្ងាយខ្លីមួយគ្រាប់ កាលពីអំលុងខែមីនា ឆ្នាំ២០២១៕