(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ១០៩,៤៣២នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៨១៥នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃអង្គារ ទី១៤ ខែកញ្ញា ឆ្នាំ២០២១។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៤២,១៤០,១០៣ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៦៨០,២៧៤នាក់ និងជាសះស្បើយឡើងសរុប ៣២.០៦លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។

កាលពីសប្តាហ៍មុននេះ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានដាក់ចេញនូវវិធានការក្តៅ ដោយតម្រូវឱ្យបុគ្គលិករដ្ឋទាំងអស់ ត្រូវតែទទួលការចាក់វ៉ាក់សាំងបង្ការ COVID-19 និងជំរុញឱ្យបណ្ដាក្រុមហ៊ុនធំៗត្រូវតែតម្រូវឱ្យបុគ្គលិក ឬកម្មកររបស់ខ្លួនចាក់វ៉ាក់សាំងបង្ការ បើពុំដូច្នោះទេត្រូវឆ្លងកាត់ការធ្វើតេស្ដប្រចាំសប្ដាហ៍។

បណ្តារដ្ឋមួយចំនួន ជាពិសេសក្រុមអ្នកសាធារណរដ្ឋ បានប្តេជ្ញាប្រឆាំងចំពោះបទបញ្ជានេះ ប៉ុន្តែលោក ចូ បៃដិន បានតបវិញថា មនុស្សមួយចំនួនមិនត្រូវមាន ភាពអាត្មានិយមនោះឡើយ ដោយពួកគេគួរប្រឹងប្រែងទាំងអស់គ្នា ដើម្បីការពារសុខុមាលភាពសាធារណៈ ជាពិសេសសម្រាប់កុមារដែលងាយរងគ្រោះ ដោយសារតែជំងឺរាតត្បាតសកលនេះ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបចំនួន ៣៨០លានដូស ក្នុងនោះប្រជាជន ២០៩.៤៣លាននាក់ (៦៣.៨% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស និង ១៧៨.៧លាននាក់ (៥៤.៤%) បានទទួលការចាក់គ្រប់ដូស៕