(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៉ីន (Moon Jae-in) បាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសរបស់លោកនឹងអាចសម្រេចបាន នូវគោលដៅចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដូសដំបូងជូនដល់ប្រជាជនរបស់ខ្លួនចំនួន ៣៦លាននាក់ នៅមុនថ្ងៃឈប់សម្រាកបុណ្យ ឈូស៊ុក (Chuseok) នៅសប្តាហ៍ក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានកូរ៉េខាងត្បូង Yonhap នៅព្រឹកថ្ងៃអង្គារ ទី១៤ ខែកញ្ញា ឆ្នាំ២០២១។

លោក Moon Jae-in បានថ្លែងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍ថា «ការចាក់វ៉ាក់សាំងដូសដំបូងជូនដល់ប្រជាជនចំនួន ៣៦លាននាក់នៅមុនថ្ងៃឈប់សម្រាកបុណ្យ Chuseok នឹងសម្រេចបាននៅសប្តាហ៍នេះ ដូចដែលរដ្ឋាភិបាលបានសន្យា»។

លោក Moon Jae-in បានបន្ថែមថា ការចាក់វ៉ាក់សាំង នឹងបង្កើនល្បឿនបន្ថែមទៀត ដើម្បីទទួលបាននូវ ៨០ភាគរយនៃប្រជាជនកូរ៉េខាងត្បូងសរុបចំនួន ៥២លាននាក់ បានទទួលការចាក់វ៉ាក់សាំងយ៉ាងហោចណាស់ ១ដូស ឬអាចឈានដល់ការទទួលបាននូវ ៩០ភាគរយនៃប្រជាជនសរុប ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ។

រដ្ឋាភិបាលទីក្រុងសេអ៊ូល គ្រោងនឹងផ្ដល់ការចាក់វ៉ាក់សាំងពេញលេញ (ចំនួន ០២ដូស) ជូនដល់ប្រជាជនរបស់ខ្លួនឱ្យបាន ៧០ភាគរយនៅចុងខែតុលាខាងមុខនេះ ប៉ុន្តែខ្លួនក៏រំពឹងផងដែរថា គោលដៅនឹងសម្រេចបានលឿនជាងនេះ ហើយបើដូច្នេះមែន កូរ៉េខាងត្បូងនឹងក្លាយជាប្រទេស ដែលឈានមុខគេក្នុងអត្រាចាក់វ៉ាក់សាំងដូសដំបូង ក៏ដូចជាអត្រាចាក់វ៉ាក់សាំងពេញលេញផងដែរ។

ទោះយ៉ាងណា លោក Moon Jae-in ក៏បានសម្តែងការព្រួយបារម្ភ អំពីលទ្ធភាពនៃការកើនឡើងនូវចំនួនអ្នកឆ្លងជំងឺ COVID-19 ក្នុងរដូវបុណ្យ Chuseok រយៈពេល ០៥ថ្ងៃដែល នឹងចាប់ផ្តើមនៅចុងសប្តាហ៍នេះផងដែរ។ លោក Moon Jae-in បានស្នើឱ្យសាធារណជន គោរពតាមបទបញ្ជារក្សាគម្លាតសុវត្ថិភាពសង្គម និងធ្វើតេស្តរកជំងឺឆ្លងរាតត្បាត ដ៏កាចសាហាវនេះជាមុនសិន ក្នុងករណីទៅលេងស្រុកកំណើត ក្នុងអំឡុងពេលរដូវច្រូតកាត់ប្រមូលផលនេះ។

គួរបញ្ជាក់ថា បើតាមគេហទំព័រ Worldometers រហូតមកទល់ពេលនេះ ប្រទេសកូរ៉េខាងត្បូង បានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសជាង ២៧៥,០០០ករណី ក្នុងនោះមានអ្នកស្លាប់ជាង ២,៣០០នាក់ និងអ្នកជាសះស្បើយវិញជាង ២៤៧,០០០នាក់៕