(កង់បេរ៉ា)៖ ការស្ទង់មតិ បានរកឃើញថា ប្រជាជនអូស្រ្តាលីភាគច្រើនពេញចិត្ត នឹងឱ្យមានការដាក់ចេញនូវ កាតព្វកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃអង្គារ ទី១៤ ខែកញ្ញា ឆ្នាំ២០២១។

លទ្ធផលការស្ទង់មតិរបស់សារព័ត៌មាន The Guardian ដែលធ្វើឡើងក្នុងចំណោមអ្នកចូលរួមចំនួន ១,១០០នាក់ និងត្រូវបានចេញផ្សាយនៅថ្ងៃអង្គារនេះ បានឱ្យដឹងថា ប្រជាជនអូស្រ្តាលីជាង ៨០ភាគរយ គិតថា ការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 គួរតែជាកាតព្វកិច្ចសម្រាប់បុគ្គលិកថែទាំសុខភាព។ រីឯ៣ភាគ៤នៃអ្នកចូលរួមការស្ទង់មតិ ក៏គិតថា ការចាក់វ៉ាក់សាំងគួរតែជាកាតព្វកិច្ច សម្រាប់អ្នកដំណើរតាមអាកាសចរណ៍ គ្រូបង្រៀន និងជំនួយការរបស់គ្រូបង្រៀនផងដែរ។

ក្រៅពីនេះក៏មានការគាំទ្រភាគច្រើនចំពោះការចាក់វ៉ាក់សាំងជាលក្ខខណ្ឌ នៃការចូលរួមសម្រាប់ព្រឹត្តិការណ៍កីឡា កន្លែងកម្សាន្ត កន្លែងធ្វើការ សាលារៀន និងហាងលក់ទំនិញថែមទៀតផង។ ទោះយ៉ាងណា ការស្ទង់មតិនេះ បានបង្ហាញពីបែងចែកគ្នា ជុំវិញប្រធានបទ តើនរណាដែលប្រជាជនអូស្រ្តាលីគិតថា គួរតែអនុវត្តកាតព្វកិច្ចចាក់វ៉ាក់សាំងនេះ។

សំឡេង៤៥ភាគរយ បាននិយាយថា រដ្ឋាភិបាលសហព័ន្ធគួរតែអនុវត្តគោលការណ៍ច្បាប់រួមមួយនៅទូទាំងប្រទេស ខណៈ ២៥ភាគរយទៀត បាននិយាយថា វាគួរតែទុកឱ្យរដ្ឋនិងដែនដីរៀងៗខ្លួន ជាអ្នកសម្រេចវិញ ហើយ៣១ភាគរយផ្សេងទៀត ចង់ឱ្យអាជីវកម្មធ្វើការសម្រេចចិត្តដោយខ្លួនឯង។

គួរបញ្ជាក់ថា បើតាមគេហទំព័រ Worldometers រហូតមកទល់ពេលនេះ ប្រទេសអូស្រ្តាលី បានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសជាង ៧៦,៩០០ករណី ក្នុងនោះមានអ្នកស្លាប់ជាង ១,១០០នាក់ និងអ្នកជាសះស្បើយជាង ៣៦,១០០នាក់៕