(សេអ៊ូល)៖ ទាំងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក មកទល់ពេលនេះនៅតែមិនទាន់អាចកំណត់ ព័ត៌មានលម្អិតជាក់លាក់ អំពីការធ្វើតេស្តមីស៊ីលចង្អុលប្រាប់ទិស (Cruise Missile) ដែលប្រទេសកូរ៉េខាងជើងបានប្រកាសថា ខ្លួនបានធ្វើតេស្តកាលពីថ្ងៃអាទិត្យនោះឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន យ៉ុនហាប់ នារសៀលថ្ងៃអង្គារ ទី១៤ ខែកញ្ញា ឆ្នាំ២០២១។

ភាពមិនច្បាស់លាស់នៅពេលនេះ គឺត្រូវបានភាគីកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ចោទសួរទៅលើទីតាំងបាញ់មីស៊ីល និងទីតាំងដែលមីស៊ីលនោះបានវាយប្រហារចំ។ កូរ៉េខាងជើងបានអះអាង កាលពីព្រឹកថ្ងៃចន្ទម្សិលមិញនេះថា ការធ្វើតេស្តមីស៊ីលគ្រូស (Cruise Missile) របស់ខ្លួនត្រូវបានធ្វើឡើងកាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុន ដោយវាបានហោះហើរក្នុងរយៈចម្ងាយ ១,៥០០គីឡូម៉ែត្រ នៅក្នុងរយៈពេល ២ម៉ោង រួចទើបវាយប្រហារចំគោលដៅដោយជោគជ័យតែម្តង។

ជុំវិញមន្ទិលខាងលើនេះ អគ្គសេនាធិការចម្រុះនៃយោធាកូរ៉េខាងត្បូង (JCS) មិនទាន់បានបង្ហាញព័ត៌មានលម្អិតណាមួយ អំពីការធ្វើតេស្តមីស៊ីលចុងក្រោយ នៅកូរ៉េខាងជើងនោះទេ ដោយប្រការនេះកំពុងបង្កឱ្យមានការសន្និដ្ឋានថា អាជ្ញាធរកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានបរាជ័យក្នុងការតាមដានមើល ការបាញ់សាកល្បងមីស៊ីលនោះហើយ។

វាអាចថាមកពីលើកនេះ គឺជាការធ្វើតេស្ត Cruise Missile ដែលធ្វើឲ្យកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ពិបាកនៅក្នុងការចាប់សញ្ញា នៅក្រោយពេលគ្រាប់មីស៊ីលត្រូវបានបាញ់ចេញ, ហោះហើរ និងបុកចំគោលដៅ។ ប្រសិនបើកូរ៉េខាងជើងធ្វើតេស្តមីស៊ីលបាលីស្ទីក (Ballistic Missile) វិញនោះ កងកម្លាំង JCS កូរ៉េខាងត្បូងប្រាកដជាអាចចាប់សញ្ញាបាន ភ្លាមៗជាក់ជាមិនខាន។ សម្រាប់ការធ្វើតេស្តមីស៊ីលគ្រូសចង្អុលទិញដៅ របស់កូរ៉េខាងជើងលើកនេះ ហាក់មិនទាន់អាចឲ្យកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ក្តោបក្តាប់បានព័ត៌មានអ្វីបន្ថែម ក្រៅតែពីអ្វីដែលកូរ៉េខាងជើងផ្ទាល់ ជាអ្នកប្រកាសចេញនោះឡើយ។

យ៉ាងណាក៏ដោយ បើតាមលោក ឆាង យុំាងឃុន (Chang Young-keun) អ្នកជំនាញផ្នែកមីស៊ីលមកពីសាកលវិទ្យាល័យកូរ៉េ KAU បានលើកឡើងនៅថ្ងៃអង្គារនេះថា «ពពួក Cruise Missile អាចហោះហើរបានយឺត និងមានឥទ្ធិពលខ្សោយជាងពពួក Ballistic Missile ហេតុដូច្នេះវានឹងធ្វើឲ្យគេងាយស្រួលទប់ទល់ ប្រសិនបើមានការវាយប្រហារណាមួយ ដោយប្រើប្រាស់ Cruise Missile។ ប៉ុន្តែសម្រាប់ Cruise Missile នេះដែរ ពួកវាអាចហោះហើរនៅក្នុងរយៈកម្ពស់ទាប ដែលធ្វើប្រព័ន្ធរ៉ាដាពិបាកក្នុងការចាប់សញ្ញា ហើយមីស៊ីលប្រភេទនេះ ក៏អាចវាយប្រហារគោលដៅបានចំល្អផងដែរ»

លោក Chang Young-keun ដដែលបានបន្ថែមទៀតថា មីស៊ីលដែលកូរ៉េខាងជើង ទើបបានធ្វើតេស្តចុងក្រោយនេះ ទំនងជាអាចហោះហើរបាន នៅក្នុងរយៈកម្ពស់ខ្ពស់បំផុត ១០០ម៉ែត្រប៉ុណ្ណោះ ហើយសម្រាប់ប្រព័ន្ធការពារដែនអាកាស ភាគច្រើននៅពេលបច្ចុប្បន្ននេះ ត្រូវបានអភិវឌ្ឍឡើងដើម្បីអាចឆ្លើយតប នឹងប្រភេទមីស៊ីលបាលីស្ទីក ដែលអាចហោះហើរបានក្នុងរយៈកម្ពស់ ខ្ពស់ជាងមីស៊ីលគ្រូស៕