(វ៉ាស៉ីនតោន)៖ មន្ទីរបញ្ចកោណរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានឲ្យដឹងថា ទីបញ្ជាការដ្ឋានកណ្តាលយោធាអាមេរិក កំពុងបន្តវាយតម្លៃនៅឡើយ ចំពោះលទ្ធផលនៃការវាយប្រហារដោយដ្រូន កាលពីចុងខែសីហាកន្លងទៅ នៅទីក្រុងកាប៊ុលរបស់ប្រទេសអាហ្វហ្កានីស្ថាន ខណៈហេតុការណ៍នោះត្រូវគេអះអាងថា បានបង្កឲ្យជនស៉ីវិលស្លាប់ជាច្រើននាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៉ីនហួរ នៅល្ងាចថ្ងៃអង្គារ ទី១៤ ខែកញ្ញា ឆ្នាំ២០២១។

អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក ចន ខឺប៊ី (John Kirby) បានលើកឡើងដូចខាងលើ ដើម្បីឆ្លើយតបចំពោះសំណួរពាក់ព័ន្ធនឹង ការស៉ើបអង្កេតរបស់បណ្តាញសារព័ត៌មានដែលសង្ស័យថា យោធាអាមេរិកប្រហែលបានភាន់ច្រឡំបុគ្គលិកអង្គការម្នាក់ ជាជនបំផ្ទុះគ្រាប់បែកអត្តឃាត នៅក្នុងការវាយប្រហារដោយដ្រូន កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ កំលុងដំណាក់កាលចុងក្រោយបំផុត នៃការដកទ័ពចេញពីអាហ្វហ្កានីស្ថាន។ លោក Kirby បាននិយាយការពារថា ទង្វើរបស់យោធាអាមេរិកពេលនោះ គឺដើម្បីទប់ស្កាត់ការវាយប្រហារពីក្រុមភេរវករ។

ទីបញ្ជាការកណ្តាលយោធាអាមេរិក បាននិយាយកាលពីថ្ងៃទី២៩ ខែសីហាថា ខ្លួនបានប្រើយន្តហោះដ្រូនបាញ់កម្ទេចរថយន្តមួយគ្រឿង នៅទីក្រុងកាប៊ុល ដែលសង្ស័យថា ជារថយន្តបំផ្ទុះគ្រាប់បែក ឬផ្ទុកជនបំផ្ទុះគ្រាប់បែកអត្តឃាត របស់ក្រុមភេរវករ ISIS-K ដែលមានគោលដៅលើ អាកាសយានដ្ឋានអន្តរជាតិនៃទីក្រុងកាប៊ុល ជាកន្លែងដែលប្រតិបត្តិការជម្លៀសមនុស្ស កំពុងប្រព្រឹត្តទៅនាពេលនោះ។

ខាងយោធាអាមេរិកបានអះអាងថា ការវាយប្រហាររបស់ខ្លូន គឺបានកម្ចាត់ការគំរាមកំហែងដោយជោគជ័យ ប៉ុន្តែបន្ទុះដោយប្រយោលចេញពីរថយន្ត ដែលជាតំរុយថា វាពិតមានគ្រឿងផ្ទុះមែននោះ បានបង្កការខូចខាតមួយចំនួន ហើយយោធាអាមេរិកក៏ទទួលស្គាល់ថា មានជនស៉ីវិល ៣នាក់ស្លាប់ផងដែរ។

ដោយឡែក បើតាមការស៉ើបអង្កេតរបស់ប្រព័ន្ធផ្សព្វផ្សាយអាមេរិកផ្ទាល់គឺ The New York Times និង The Washington Post អ្នកបើកបររថយន្ត ដែលរងការបាញ់មីស៉ីលពីយន្តហោះដ្រូនរបស់យោធាអាមេរិក គឺជាវិស្វករអាយុ ៤៣ឆ្នាំម្នាក់ ដែលធ្វើការឲ្យអង្គការសប្បុរសធម៌មួយទៅវិញទេ។ ការវិភាគរបស់ពួកគេបានរកឃើញទៀតថា បន្ទុះទីពីរដោយប្រយោល ដែលយោធាអាមេរិកបានអះអាង ក៏ហាក់ដូចជាមិនមានដែរ។ សម្រាប់ចំនួនមនុស្សបាត់បង់ជីវិត នៅក្នុងការវាយប្រហារនោះវិញ គឺជាគ្រួសារមួយដែលមានសមាជិក ១០នាក់ ដោយក្នុងនោះ ៧នាក់គឺជាកូនក្មេង៕