(វ៉ាស៊ីនតោន)៖ កងទ័ពអាកាសអាមេរិក នៅថ្ងៃអង្គារសប្ដាហ៍នេះបានទទួលស្គាល់ថា យន្ដហោះបំបាំងកាយ-ទម្លាក់គ្រាប់បែក B-2 បានទទួលរងការខូចខាត កំឡុងពេលមានបញ្ហាមួយកើតឡើងនៅលើអាកាស ជាហេតុបង្ខំឱ្យយន្ដហោះនេះធ្វើការចុះចតជាបន្ទាន់។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅរសៀលថ្ងៃពុធ ទី១៥ ខែកញ្ញា ឆ្នាំ២០២១។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន កងទ័ពអាកាសអាមេរិកបញ្ជាក់ដូច្នេះថា «យន្ដហោះទម្លាក់គ្រាប់បែក B-2 បានទទួលរងការខូចខាត ខណៈកំពុងព្យាយាមធ្វើការចុះចតជាបន្ទាន់មួយ ក្រោយជួបបញ្ហាកំឡុងពេលហ្វឹកហាត់ហោះហើរជាប្រចាំ កាលពីព្រឹកថ្ងៃអង្គារសប្ដាហ៍នេះ (ពេលវេលានៅអាមេរិក)»

កងទ័ពអាមេរិកបន្ថែមទៀតថា យន្ដហោះ B-2 បានចុះចតជាបន្ទាន់នៅឯអាកាសយានដ្ឋានទ័ពអាកាសអាមេរិក វ៉ៃត៍មែន (Whiteman Air Force Base) ក្នុងរដ្ឋ មីសួរី (Missouri)។ យ៉ាងណាក៏ដោយ អាមេរិកមិនបានបញ្ជាក់ពីមូលហេតុ ដែលបង្ខំឱ្យយន្ដហោះទម្លាក់គ្រាប់បែបនេះចុះចតជាបន្ទាន់ ឬក៏ទំហំនៃការខូចខាតនោះទេ ដោយគ្រាន់តែឱ្យដឹងគ្មាននរណាម្នាក់រងរបួស ក្នុងហេតុការណ៍នេះឡើយ៕