(ឡុងដ៍)៖ នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេសលោក បូរីស ចនសុន (Boris Johnson) បានប្រកាសដាក់ចេញនូវផែនការថ្មីរបស់រដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 នាអំឡុងរដូវរងា ហើយវាបានកើតមានឡើងមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រធានផ្នែកវេជ្ជសាស្ត្រ បានណែនាំឱ្យផ្ដល់ការចាក់វ៉ាក់សាំងសម្រាប់ក្រុមក្មេងជំទង់ ដែលមានអាយុចន្លោះពី ១២ឆ្នាំ ទៅ ១៥ឆ្នាំ មុនពេលផ្ដល់ការចាក់វ៉ាក់សាំងដូសទី ៣ ឬដូសជំរុញសម្រាប់ក្រុមមនុស្សចាស់។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានចិន CGTN នៅរសៀលថ្ងៃពុធ ទី១៥ ខែកញ្ញា ឆ្នាំ២០២១។

ជាមួយនឹងការរកឃើញអ្នកឆ្លងជំងឺ COVID-19 ជាមធ្យម ៣៤,០០០នាក់ និងអ្នកស្លាប់ប្រហែល ១,០០០នាក់ក្នុងមួយថ្ងៃកាលពីខែសីហាកន្លងទៅនេះ រដ្ឋាភិបាលចក្រភពអង់គ្លេស ប្រាកដណាស់ថាបានរៀបចំផែនការ សម្រាប់ទប់ទល់ចំពោះអ្វីដែលគេគណនាថា នឹងក្លាយជារដូវរងាដ៏លំបាកសម្រាប់វិស័យសុខាភិបាល។

សម្រាប់ផែនការក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ក្នុងអំឡុងពេលរដូវរងារបស់រដ្ឋាភិបាលចក្រភពអង់គ្លេសរួមមាន៖

- មនុស្សពេញវ័យទាំងអស់ដែលមានអាយុលើសពី ៥០ឆ្នាំ និងអ្នកដែលធ្វើការនៅក្នុងសេវាសុខភាពជាតិ និងសង្គម នឹងត្រូវបានផ្តល់ជូននូវការចាក់វ៉ាក់សាំងដូសទី ៣ ឬដូសជំរុញ។

- មនុស្សចាស់ទាំងអស់ដែលមានអាយុលើសពី ៧០ឆ្នាំ ឬត្រូវបានចាត់ទុកថា ជាមនុស្សដែលមានហានិភ័យខ្ពស់ក្នុងការឆ្លងជំងឺ COVID-19 នឹងត្រូវផ្តល់អាទិភាពក្នុងការទទួលបានការចាក់វ៉ាក់សាំង។

- មានតែវ៉ាក់សាំង ប្រើបច្ចេកវិទ្យា mRNA ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុន Pfizer-BioNTech និង Moderna ប៉ុណ្ណោះ ដែលនឹងត្រូវផ្តល់ការចាក់ជូនប្រជាជនស្ថិតក្នុងគោលដៅ។

- ការធ្វើតេស្ត PCR រកជំងឺ COVID-19 សម្រាប់អ្នកឈប់សម្រាក នឹងត្រូវលុបចោល។

គួរបញ្ជាក់ថា នៅក្នុងការប្រកាសអំពីផែនការទាំងនេះ នៅចំពោះមុខអ្នកតំណាងរាស្រ្តក្នុងសភា រដ្ឋមន្ត្រីសុខាភិបាលអង់គ្លេស លោក សាជីដ ចាវីដ (Sajid Javid) បានថ្លែងថា «អ្វីដែលបានប្រកាសចេញថ្ងៃនេះ គឺជាផែនការដំណាក់កាលទី ១ (Plan A) របស់យើង.... ជាផែនការដ៏ទូលំទូលាយ ដើម្បីដឹកនាំប្រទេសរបស់យើង ឆ្លងកាត់រដូវស្លឹកឈើជ្រុះ និងរដូវរងា ចំពោះមុខជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះ»