(វៀងចន្ទន៍)៖ សារព័ត៌មានឡាវ បានរាយការណ៍នៅថ្ងៃពុធនេះថា អាជ្ញាធរសុខាភិបាលឡាវ កំពុងពិចារណាលើការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដូសទី៣ ឬដូសជំរុញ នៅនាពេលអនាគត ដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំប្រជាជនប្រឆាំង នឹងជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះ ក៏ដូចជាវីរុសបំប្លែងខ្លួនថ្មី Delta ផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃពុធ ទី១៥ ខែកញ្ញា ឆ្នាំ២០២១។

បើតាមសារព័ត៌មានឡាវ The Vientiane Times ការសិក្សាកំពុងដំណើរការនៅប្រទេសឡាវ ស្តីពីប្រសិទ្ធិភាពនៃការចាក់វ៉ាក់សាំងដូសទី៣ ដើម្បីការពារការឆ្លងរីករាលដាល នៃវីរុសបំប្លែងខ្លួន Delta ដែលមានសមត្ថភាពចម្លងលឿនរហ័ស ដោយសហការយ៉ាងជិតស្និទ្ធ ជាមួយអង្គការសុខភាពពិភពលោក (WHO)។

អគ្គនាយកនៃនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្ល ងចំណុះឱ្យក្រសួងសុខាភិបាលឡាវ លោក រតនាសាយ ភិតសាវ៉ាន់ (Rattanaxay Phetsouvanh) កាលពីថ្ងៃអង្គារម្សិលមិញនេះ បានគូសបញ្ជាក់ប្រាប់សារព័ត៌មានឡាវថា ការសិក្សាកំពុងធ្វើឡើង ដើម្បីព្យាយាមកំណត់ថា តើការចាក់វ៉ាក់សាំងដូសទី៣ អាចបង្កើនភាពស៊ាំប្រឆាំងនឹងជំងឺ COVID-19 ដែរឬទេ។

ការសិក្សានេះ បានធ្វើឡើងចំពេលមានការព្រួយបារម្ភថា ការកើនឡើងនៃករណីឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសឡាវ និងបណ្តាប្រទេសជាច្រើនទៀត គឺបណ្តាលមកពីការឆ្លងរីករាលដាលនៃវីរុសបំប្លែងខ្លួន Delta ដែលមានសមត្ថភាពចម្លងលឿនរហ័ស ដែលត្រូវបានរកឃើញដំបូងបង្អស់នៅក្នុងប្រទេសឥណ្ឌា។

គួរបញ្ជាក់ថា បើតាមគណៈកម្មាធិការជាតិគ្រប់គ្រង និងបង្ការជំងឺឆ្លង គិតត្រឹមថ្ងៃអាទិត្យសប្តាហ៍មុន មនុស្សប្រមាណ ២,៦៦៣,៨១៦នាក់ នៅក្នុងក្រុមដែលមានហានិភ័យខ្ពស់ ក្នុងការឆ្លងជំងឺ COVID-19 នៅប្រទេសឡាវ បានទទួលការចាក់វ៉ាក់សាំងដូសដំបូងរួចរាល់ហើយ ខណៈមនុស្សប្រមាណ ១,៨៦៥,១៨៧នាក់ទៀត បានទទួលការចាក់វ៉ាក់សាំងដូសទី២។

រហូតមកទល់ពេលនេះ ប្រទេសឡាវបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបរហូតដល់ ១៧,៩០៥ករណី ក្នុងនោះមានអ្នកស្លាប់ ១៦នាក់ ខណៈអ្នកជាសះស្បើយ ១៣,៦៥៥នាក់៕