(ឡង់ដ៍)៖ លោកស្រី Liz Truss ត្រូវបានតែងតាំងជារដ្ឋមន្រ្តីការបរទេសថ្មីរបស់ចក្រភពអង់គ្លេស បន្ទាប់ពីលោក Dominic Raab បានរើចេញមុខតំណែង។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Sky News នៅយប់ថ្ងៃពុធ ទី១៥ ខែកញ្ញា ឆ្នាំ២០២១។

នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson បានសម្រេចតែងតាំងលោកស្រី Truss ដែលជាអ្នកត្រួតពិនិត្យកិច្ចព្រមព្រៀងពាណិជ្ជកម្មក្រោយ Brexit របស់ចក្រភពអង់គ្លេស ដើម្បីជំនួសលោក Dominic Raab ដែលជាផ្នែកមួយនៃការរុះរើគណៈរដ្ឋមន្ត្រីដ៏ធំមួយនៅថ្ងៃពុធនេះ។

ចំណែកលោក Raab ត្រូវបានគេប្រកាសតែងតាំងជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌។

គួរបញ្ជាក់ថា លោកស្រី Truss បានបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មក្រោយ Brexit មួយចំនួន ជាមួយបណ្តាប្រទេសនៅជុំវិញពិភពលោក ហើយក៏មានប្រជាប្រិយភាពខ្លាំងផងដែរ ក្នុងចំណោមសមាជិកគណបក្សអភិរក្សនិយម៕