(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃពុធសប្ដាហ៍នេះបានប្រកាសពីសម្ព័ន្ធភាពត្រីភាគីថ្មីមួយជាមួយអូស្ត្រាលី និងចក្រភពអង់គ្លេស ដើម្បី ជួយពង្រឹងសមត្ថភាពកងទ័ពជើងទឹករបស់សម្ព័ន្ធមិត្តនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ជាមួយការសន្យាថានឹងផ្ដល់ឱ្យអូស្ត្រាលីនូវកងកម្លាំងនាវាមុជទឹកដើរដោយថាមពល ថ្មីមួយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០២១។

ការប្រកាសខាងលើរបស់លោក ចូ បៃដិន ធ្វើឡើងនៅក្នុងកិច្ចប្រជុំតាមវីដេអូជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន និងនាយករដ្ឋមន្ត្រីអូស្ត្រាលីលោក ស្កុត ម៉ូរីសុន។ លោក បៃដិនបាននិយាយថាតាមរយៈសម្ព័ន្ធភាពត្រីភាគីនេះ អាមេរិក និងអង់គ្លេសនឹងជួយអូស្ត្រាលីក្នុងការផលិតនាវាមុជទឹកដើរដោយថាមពល នុយក្លេអ៊ែរ ដែលនឹងជួយពង្រឹងសមត្ថភាពទប់ទល់នឹងការគំរាមកំហែង។ ប៉ុន្តែ ព្រមពេលជាមួយគ្នា លោក បៃដិន រួមទាំងលោក ចនសុន និងលោក ម៉ូរីសុន បានអះអាងថានាវាមុជទឹកស្ថិតនៅក្រោមគម្រោងផលិតនេះនឹងមិនមានបំពាក់អាវុធនុយក្លេអ៊ែរទេ ដោយគ្រាន់តែដើរដោយថាមពលនុយក្លេអ៊ែរតែប៉ុណ្ណោះ។

គួរបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំរបស់ខ្លួន មេដឹកនាំប្រទេសទាំង៣ខាងលើ មិនបានលើកឡើងពីឈ្មោះចិនឡើយ តែការប្រកាសពីសម្ព័ន្ធភាពត្រីភាគីថ្មីមានឈ្មោះថា AUKUS បានបង្ហាញយ៉ាងច្បាស់ពីចេតនារបស់ពួកគេ នោះគឺគ្មានអ្វីក្រៅពីទប់ស្កាត់ការកើនឡើងឥទ្ធិពលចិននៅក្នុងតំបន់នោះទេ។ ម្យ៉ាងវិញទៀត ការសន្យាជួយ អូស្ត្រាលីផលិតនាវាមុជទឹក ក៏បានធ្វើឱ្យបារាំងអន់ចិត្ត និងខឹងសម្បារផងដែរ ខណៈទីក្រុងប៉ារីសកំពុងចរចាលក់នាវាមុជទឹកធម្មតាមានតម្លៃរាប់ពាន់លានដុល្លារ ឱ្យអូស្តា្រលី៕