(ឈីកាហ្គោ)៖ ក្រុមហ៊ុន Moderna នៅថ្ងៃពុធសប្ដាហ៍នេះ (ពេលវេលានៅសហរដ្ឋអាមេរិក) បានគូសបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ទិន្នន័យថ្មីពីការធ្វើតេស្តវ៉ាក់សាំងបង្ការជំងឺ COVID-19 ដ៏ធំរបស់ខ្លួនបានបង្ហាញថា ការការពាររបស់វាត្រូវបានថយចុះទៅតាមពេលវេលា ដែលតម្រូវឱ្យមានការចាក់ដូសទី ៣ ឬដូសជំរុញ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០២១។

ប្រធានក្រុមហ៊ុន Moderna លោក ស្ទេហ្វិន ហូក (Stephen Hoge) បាននិយាយថា «នេះគ្រាន់តែជាការប៉ាន់ស្មានមួយតែប៉ុណ្ណោះ ប៉ុន្តែយើងជឿជាក់ថា នៅពេលដែលយើងសម្លឹងមើលទៅកាន់រដូវស្លឹកឈើជ្រុះ និងរដូវរងា យ៉ាងហោចណាស់យើងអាចរំពឹងថា ប្រព័ន្ធភាពស្មុំាចុះខ្សោយនេះ នឹងអាចធ្វើឲ្យមានករណីឆ្លង COVID-19 រាប់សែនករណីទៀត»។ លោក Stephen Hoge មិនបាននិយាយថា តើករណីឆ្លងក្នុងចំនួនប៉ុន្មាន នឹងមានសភាពធ្ងន់ធ្ងរនោះទេ ប៉ុន្តែលោកគូសបញ្ជាក់បែបនេះវិញថា ករណីឆ្លងមួយចំនួននឹងត្រូវការ ការសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

បើតាមលោក Stephen Hoge ទិន្នន័យពីការសិក្សាអំពីការចាក់ដូសទី ៣ បានបង្ហាញថា «វ៉ាក់សាំងអាចបង្កើនអង់ទីករជាប្រចាំក្នុងកម្រិតខ្ពស់ បន្ទាប់ពីការចាក់ដូសទី ២ ហើយយើងជឿជាក់ថា វានឹងកាត់បន្ថយករណីឆ្លងជំងឺ COVID-19។ យើងក៏ជឿជាក់ដែរថា ការចាក់វ៉ាក់សាំងដូសទី ៣ របស់ក្រុមហ៊ុន Moderna នឹងមានឱកាសបង្កើនប្រព័ន្ធភាពស៊ាំ យ៉ាងច្រើនបន្ថែមទៀត រហូតដល់ពេញមួយឆ្នាំក្រោយ ស្របពេលយើងកំពុងព្យាយាមបញ្ចប់ ជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះ»

គួរបញ្ជាក់ថា ក្រុមហ៊ុន Moderna កាលពីថ្ងៃទី០១ ខែកញ្ញាកន្លងទៅនេះ បានបញ្ជូនឯកសាររបស់ខ្លួនទៅកាន់រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) រួចហើយ ដើម្បីសុំការអនុម័តផ្ដល់ការចាក់ដូសទី ៣ ឬដូសជំរុញ ខណៈការសង្ខេបឯកសារពីការវិភាគរបស់ FDA ទៅលើការចាក់ដូសទី ៣ ឬដូសជំរុញដោយប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfrizer ដែលបានចេញផ្សាយនៅថ្ងៃពុធសប្ដាហ៍នេះបានបង្ហាញថា បញ្ហាសំខាន់ដែល FDA នឹងពិចារណានោះគឺថា តើការការពាររបស់វ៉ាក់សាំង ពិតមានការថយចុះមែនឬអត់៕