(ម៉ានីល)៖ រដ្ឋាភិបាលហ្វីលីពីននឹងមិនធ្វើ កិច្ចសហប្រតិបត្តិការណាមួយ ជាមួយតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ជុំវិញការស៊ើបអង្កេតលើការចោទប្រកាន់ ពីបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ ដែលត្រូវបានប្រព្រឹត្តនៅក្នុងសង្រ្គាមប្រឆាំងគ្រឿងញៀន របស់លោកប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូតឺតេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០២១។

ការប្រកាសខាងលើរបស់លោក សាលវ៉ាដឺ ផេណេឡូ (Salvador Panelo) ជាអ្នកនាំពាក្យវិមានប្រធានាធិបតីហ្វីលីពីន ធ្វើឡើងបន្ទាប់ពីចៅក្រមនៅឯ តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) នៅថ្ងៃពុធសប្ដាហ៍នេះ បានអនុម័តលើការស៊ើបអង្កេតជាផ្លូវការមួយ ជុំវិញការចោទប្រកាន់ពីបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ ដែលត្រូវបានប្រព្រឹត្តនៅក្នុង សង្រ្គាមប្រឆាំងគ្រឿងញៀនរបស់លោក រ៉ូឌ្រីហ្គោ ឌូតឺតេ។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន តុលាការ ICC បានឱ្យដឹងទៀតថា ក្រុមចៅក្រមបានអនុម័តលើការស្នើសុំមួយ ពីសំណាក់រដ្ឋអាជ្ញា ICC ផ្ទាល់ ឱ្យមានការស៊ើបអង្កេតរកការពិតថា តើការសម្លាប់មនុស្សនៅក្រៅប្រព័ន្ធតុលការ ក្នុងសង្រ្គាមប្រឆាំងគ្រឿងញៀនរបស់លោក ឌូតឺតេ គឺជាបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ ដែរឬមួយក៏យ៉ាងណា។ បើតាមការវាយតម្លៃរបស់ក្រុមរដ្ឋអាជ្ញា ICC សង្រ្គាមប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ មិនមានលក្ខណៈជាការអនុវត្តត្រឹមត្រូវ តាមផ្លូវច្បាប់នោះទេ តែជាអាចការវាយប្រហារជាលក្ខណៈប្រព័ន្ធ ប្រឆាំងនឹងជនស៊ីវិល។

តែជាការឆ្លើយតប លោក Salvador Panelo បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃព្រហស្បតិ៍នេះថា រដ្ឋាភិបាលហ្វីលីពីននឹងមិនធ្វើកិច្ចសហប្រតិបត្តិការណាមួយ ជាមួយតុលាការ ICC ឡើយ ហើយក៏នឹងមិនអនុញ្ញាតឱ្យក្រុមអ្នកស៊ើបអង្កេត ICC ចូលមកក្នុងប្រទេសហ្វីលីពីននោះដែរ។ «គោលជំហររបស់លោកប្រធានាធិបតី គឺមិនផ្លាស់ប្ដូរទេ... ICC គឺជាតុលាការពុករលួយ ហើយនីតិវិធីនៅក្នុងសំណុំរឿងនេះ គឺបានបំពានលើរដ្ឋធម្មនុញ្ញរបស់យើង ហើយថែមទាំងបំពានលើលក្ខន្តិកៈ នៃទីក្រុងរ៉ូមរបស់ខ្លួនទៀតផង»។ នេះជាការលើកឡើងបន្ថែមរបស់ លោក Salvador Panelo។

គួរបញ្ជាក់ថា កាលពីខែមីនា ឆ្នាំ២០១៨ លោក ឌូតឺតេ បានលុបសមាជិកភាពរបស់ហ្វីលីពីន ចេញពីសន្ធិសញ្ញាបង្កើត ICC។ ប៉ុន្តែនៅក្រោមលក្ខន្តិកៈរបស់ ICC តុលាការអន្តរជាតិបានអះអាងថា ខ្លួននៅតែមានយុត្តាធិការក្នុងការស៊ើបអង្កេត លើបទឧក្រិដ្ឋដែលអាចត្រូវបានប្រព្រឹត្តឡើង នៅក្នុងសង្រ្គាមប្រឆាំងគ្រឿងញៀន ចាប់ពីចន្លោះឆ្នាំ២០១៦ ដល់ឆ្នាំ២០១៩ នោះដដែល។ នៅក្នុងសង្រ្គាមប្រឆាំងគ្រឿងញៀន ប៉ូលិសហ្វីលីពីនបានបាញ់សម្លាប់មនុស្សច្រើនជាង ៦,១០០នាក់ដែលពួកគេសង្ស័យជា ឧក្រិដ្ឋជនជួញដូរគ្រឿងញៀន។

ការអនុម័តការស៊ើបអង្កេតរបស់ ICC ទៀតសោតបានកើតមានឡើង ចំពេលលោក ឌូតឺតេ ដែលបច្ចុប្បន្នមានអាយុ ៧៦ឆ្នាំ នឹងបញ្ចប់អាណត្តិជាប្រធានាធិបតីនៅខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ តែបើតាមការគ្រោងទុក លោកនឹងប្រជែងយកតំណែងជាអនុប្រធានាធិបតី ដែលនឹងអាចជួយរក្សាអំណាចរបស់លោក នៅហ្វីលីពីនដដែល៕