(ឆឹងទូ)៖ គិតត្រឹមរសៀលថ្ងៃព្រហស្បតិ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះ មនុស្ស ០៣នាក់ហើយបានស្លាប់ និងជាង ៦០នាក់ផ្សេងទៀតរងរបួស (ក្នុងនោះ ៣នាក់រងរបួសធ្ងន់ធ្ងរ) បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៦.០រ៉ិចទ័របានវាយប្រហារសង្កាត់ លូសៀន (Luxian) នៃទីក្រុង លូចូវ (Luzhou) ខេត្តស៊ីឈាន់ (Sichuan) ភាគនិរតីប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៉ីនហួរ។

អាជ្ញាធរក្នុងតំបន់បាននិយាយថា អ្នកស្លាប់ និងរងរបួសត្រូវបានរាយការណ៍នៅភូមិ កាវប៉ាវ (Caoba) ឃុំ ហ្វូជី (Fuji) នៃសង្កាត់ Luxian របស់ទីក្រុង Luzhou ក្នុងខេត្ត Sichuan ភាគនិរតីប្រទេសចិន។ បើតាមមជ្ឈមណ្ឌលតាមដានគ្រោះរញ្ជួយដីចិន គ្រោះរញ្ជួយដីខាងលើនេះ បានកើតឡើងនៅវេលាម៉ោង ០៤៖៣៣នាទីព្រឹកថ្ងៃព្រហស្បត៍នេះ ពីក្នុងជម្រៅដី ១០គីឡូម៉ែត្រ។

អាជ្ញាធរខេត្តស៊ីឈាន់បានឲ្យដឹងទៀតថា លំនៅឋានប្រជាជនសរុប ៧៣៧ខ្នងបានដួលរលំទាំងស្រុង, ៧២ខ្នងរងការខូចខាតធ្ងន់ធ្ងរ និង ៧,២៩០ខ្នងទៀតរងការខូចខាតតិចតួច។ បន្ថែមពីនេះប្រជាជនជាង ៦,៩០០នាក់ ត្រូវបានសម្រេចឲ្យផ្លាស់ប្តូរទីលំនៅ និងជាង ១០,០០០នាក់ ត្រូវដាក់ឲ្យស្នាក់នៅក្នុងជម្រកបណ្តោះអាសន្ន។

គួរបញ្ជាក់ថា គិតត្រឹមរសៀលថ្ងៃព្រហស្បតិ៍នេះ ក្រុមសង្គ្រោះពេលមានមហន្តរាយរញ្ជួយដី នៅក្នុងប្រទេសចិន បានបញ្ចេញកម្លាំងសង្គ្រោះ ៨៩០នាក់ ដើម្បីចាត់ចែងការងារនៅកន្លែងកើតហេតុ ខណៈ ៤,៦០០នាក់ទៀត ត្រូវបានបញ្ជាឲ្យត្រៀមខ្លួន ដើម្បីចេញប្រតិបត្តិការក្នុងករណីបន្ទាន់៕