(ប៉េកាំង)៖ ប្រទេសចិននៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះ បានប្រកាសថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះការបង្កើត «សម្ពន្ធភាពថ្មី» រវាងសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងប្រទេសអូស្ត្រាលីហៅកាត់ថា AUKUS ជាពិសេសគឺកិច្ចសន្យាផ្តល់បច្ចេកវិទ្យាផលិត នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ទៅដល់ប្រទេសអូស្ត្រាលីនោះតែម្តង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ការថ្កោលទោស និងបង្ហាញជំហរប្រឆាំងយ៉ាងដាច់ខាត ពីសំណាក់ទីក្រុងប៉េកាំងខាងលើនេះ ត្រូវបានធ្វើឡើងដោយលោក ចាន លីចៀន (Zhao Lijian) អ្នកនាំពាក្យក្រសួងការបរទេសចិន ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃព្រហស្បតិ៍ នៅទីក្រុងប៉េកាំង។ ជុំវិញបញ្ហានេះ ប្រទេសចិនបានចាត់ទុកថា សម្ពន្ធភាពត្រីភាគីរវាងសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងប្រទេសអូស្ត្រាលី ព្រមទាំងកិច្ចសន្យាផ្តល់បច្ចេកវិទ្យាផលិតនាវាមុជទឹក-នុយក្លេអ៊ែរ ដល់ទីក្រុងកង់បេរ៉ានោះគឺជា «ការគំរាមកំហែងសន្តិសុខក្នុងតំបន់ ដោយគ្មានភាពទទួលខុសត្រូវទាល់តែសោះ»

លោក Zhao Lijian បានបន្តទៀតថា «កិច្ចព្រមព្រៀងរវាងប្រទេសទាំងបីនេះ កំពុងធ្វើឲ្យអន្តរាយយ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ ព្រមទាំងជាការជំរុញឲ្យមាន ការប្រកួតប្រជែងផ្នែកសព្វាវុធ កាន់តែខ្លាំងថែមទៀត។ ការផ្តល់បច្ចេកវិទ្យាផលិតនាវាមុជទឹកនុយក្លេអ៊ែរ ដោយសហរដ្ឋអាមេរិក និងអង់គ្លេស ទៅកាន់ប្រទេសអូស្ត្រាលីនោះមានន័យថា ពួកគេកំពុងប្រើប្រាស់ការនាំចេញនុយក្លេអ៊ែរ ធ្វើជាឧបករណ៍លេងល្បែងភូមិសាស្ត្រនយោបាយ និងប្រកាន់យកស្តង់ដារពីរត្រួត (double standards) ដែលគ្មានភាពទទួលខុសត្រូវទាល់តែសោះ»

គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃពុធសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៊ីតោន) បានប្រកាសពីសម្ព័ន្ធភាពត្រីភាគីថ្មីមួយជាមួយអូស្ត្រាលី និងចក្រភពអង់គ្លេស ដើម្បីជួយពង្រឹងសមត្ថភាព កងទ័ពជើងទឹករបស់សម្ពន្ធមិត្ត នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកជាមួយការសន្យាថា នឹងជួយអូស្ត្រាលីក្នុងការផលិត នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ដែលនឹងជួយពង្រឹងសមត្ថភាពទប់ទល់នឹងការគំរាមកំហែង។

នៅក្នុងកិច្ចប្រជុំរបស់ខ្លួន មេដឹកនាំប្រទេសទាំង ៣ ខាងលើ មិនបានលើកឡើងពីឈ្មោះចិនឡើយ តែការប្រកាសពីសម្ពន្ធភាពត្រីភាគីថ្មីមានឈ្មោះថា AUKUS បានបង្ហាញយ៉ាងច្បាស់ពីចេតនារបស់ពួកគេ នោះគឺគ្មានអ្វីក្រៅពីទប់ស្កាត់ការកើនឡើងឥទ្ធិពលចិន នៅក្នុងតំបន់នោះទេ។ ម្យ៉ាងវិញទៀត ការសន្យាជួយអូស្ត្រាលីផលិតនាវាមុជទឹក ក៏បានធ្វើឱ្យបារាំងអន់ចិត្ត និងខឹងសម្បារផងដែរ ខណៈទីក្រុងប៉ារីសកំពុងចរចាលក់នាវាមុជទឹកធម្មតា មានតម្លៃរាប់ពាន់លានដុល្លារឱ្យអូស្តា្រលី៕