(ឌូប៉ៃ)៖ ការសិក្សាថ្មីមួយដែលធ្វើឡើងលើមនុស្សរាប់ពាន់នាក់នៅទូទាំងប្រទេសបង្ហាញថា ជាងពាក់កណ្តាលនៃប្រជាជននៅអារ៉ាប់រួមមានបញ្ហាជំងឺបេះដូង ក្នុងអំឡុងពេលនៃជីវិតរបស់ពួកគេ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Al-arabiya នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០២១។

ការស្ទង់មតិលើអ្នកស្រុកអារ៉ាប់រួមជាង ១,០០០នាក់បានបង្ហាញថា ៥៥ ភាគរយ នៃអ្នកបានចូលរួមឆ្លើយតប គឺមានបញ្ហាជំងឺបេះដូងដោយផ្ទាល់ ដែលមានចំនួន១២ ភាគរយ ឬជាមិត្តភក្តិជិតស្និទ្ធ ឬសមាជិកគ្រួសាររបស់ពួកគេ ដែលមានចំនួន៥៣ ភាគរយ ឬទាំងពីរតែម្តង។

ការស្ទង់មតិនេះត្រូវបានរៀបចំឡើង ដោយគ្លីនិក Cleveland Abu Dhabi នៅមុនទិវាបេះដូងពិភពលោកនៅថ្ងៃទី២៩ ខែកញ្ញា។

គួរបញ្ជាក់ថា ជំងឺស្ទះសរសៃឈាមបេះដូង គឺជាមូលហេតុចម្បង នៃការស្លាប់នៅអារ៉ាប់រួម៕