(វ៉ាស៊ីនតោន)៖ ប្រទេសអូស្ត្រាលីបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា កងទ័ពអាមេរិកបន្ថែមទៀតនឹងមកកាន់ប្រទេសមួយនេះ ហើយសម្ព័ន្ធមិត្តទាំងពីរ ក៏នឹងសហការគ្នាក្នុងការអភិវឌ្ឍមីស៊ីលផងដែរ ចំពោះមុខអ្វីដែលអាមេរិកតែងតែអះអាងថា ជាការទប់ទល់ឥទ្ធិពលកំពុងកើនឡើង ឥតឈប់ឈររបស់ប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាព្រឹកថ្ងៃសុក្រ ទី១៧ ខែកញ្ញា ឆ្នាំ២០២១។

សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្ត្រាលី បានប្រកាសចេញរួចទៅហើយនូវ ការបង្កើតសម្ពន្ធភាពត្រីភាគីថ្មី កាលពីថ្ងៃព្រហស្បតិ៍ ដែលអាមេរិក និងអង់គ្លេស នឹងជួយអូស្ត្រាលីក្នុងការផលិត នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ បើទោះបីជាការសម្រេចបែបនេះ កំពុងធ្វើឲ្យសម្ពន្ធមិត្តធំមួយទៀតនោះគឺបារាំង រង្គាសចិត្តខ្លាំងយ៉ាងណាក៏ដោយ។

ជុំវិញគម្រោងនៃការបំពេញទស្សនកិច្ច ទៅកាន់រដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលីលោក ភីធើ ដតថុន (Peter Dutton) បានថ្លែងថា អូស្រ្តាលីនឹងបង្កើនកិច្ចសហប្រតិបត្តិការយ៉ាងសំខាន់ រួមទាំងធ្វើកិច្ចការរួមគ្នាជុំវិញការអភិវឌ្ឍមីស៊ីល និងអាវុធជាតិផ្ទុះផងដែរ។

លោក Dutton កំពុងទន្ទឹងរង់ចាំការមកដល់ នៃកងម៉ារីនអាមេរិក ដើម្បីផ្លាស់វេននៅក្នុងមូលដ្ឋានយោធាក្នុងទីក្រុង ដាវីន (Darwin) ភាគខាងជើងប្រទេសអូស្ត្រាលី ហើយការមកដល់នោះ ក៏អាចនឹងក្លាយជាការបង្កើនចំនួនយោធាអាមេរិកបន្ថែមទៀត នៅដែនដីភាគខាងជើងអូស្ត្រាលីនោះផងដែរ។

គួរបញ្ជាក់ថា អូស្ត្រាលីកំពុងតែព្យាយាមបង្កើនសមត្ថភាព ប្រព័ន្ធការពារដែនអាកាស និងដែនទឹក ដើម្បីការពារប្រទេសដីកោះដ៏ធំធេងមួយនេះពីសត្រូវ។ នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក ស្កត ម៉ូរីសុន (Scott Morrison) ធ្លាប់បានលើកឡើងថា អូស្ត្រាលីនឹងទទួលបានមីស៊ីលគ្រូស ថូម៉ាហក (Tomahawk) ជាប្រភេទមីស៊ីលចង្អុលប្រាប់ទិស និងបាញ់បានចម្ងាយឆ្ងាយ នៅក្នុងពេលឆាប់ៗ៕