(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបានបង្ហាញជំនឿចិត្តថា សភាអាមេរិកនឹងអនុម័តផែនការចំណាយ ដើម្បីជួយដល់ប្រជាជនអាមេរិក ដែលមានប្រាក់ចំណូលមធ្យម ហើយផែនការនេះអាចនឹងកំណត់ឡើងវិញ នូវផ្លូវដើររបស់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែកញ្ញា ឆ្នាំ២០២១។

នៅក្នុងសុន្ទរកថានៅឯសេតវិមាន, លោក ចូ បៃដិន បានសង្កត់ធ្ងន់ពីសារៈសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចអាមេរិកឡើងវិញពីវិបត្តិ COVID-19 ហើយថាកញ្ចប់ថវិកា «៣.៥ទ្រីលានដុល្លារ» នៃផែនការចំណាយសម្រាប់ជួយដល់ ប្រជាជនអាមេរិកមានប្រាក់ចំណូលមធ្យម នឹងជួយត្រួសត្រាយផ្លូវ ឬកំណត់ឡើងវិញពីផ្លូវដើររបស់អាមេរិក ក្នុងរយៈពេលជាច្រើនឆ្នាំ ឬរាប់ទសវត្សរទៅមុខទៀត។

គួរបញ្ជាក់ថា ផែនការចំណាយរបស់លោក ចូ បៃដិន ដែលផ្ដោតសំខាន់លើសេវាសង្គម, ការអប់រំ, ការថែទាំកុមារ និងការប្រែប្រួលអាការធាតុ។ បន្ថែមពីលើនេះ លោក បៃដិន ក៏បានជំរុញឱ្យមានការដំឡើងពន្ធលើក្រុមហ៊ុនអាមេរិក និងមហាសេដ្ឋីអាមេរិកផងដែរ។

លោក ចូ បៃដិន បានសង្កត់ធ្ងន់ចំពោះបញ្ហានេះថា «វាកន្លងហួសយូរពេកហើយ។ ខ្ញុំមិនមែនមកដាក់ពិន័យនរណាម្នាក់នោះទេ។ ខ្ញុំជាអ្នកមូលធននិយម... អ្វីដែលខ្ញុំកំពុងស្នើសុំ គឺការចំណាយតាមការចែករំលែក ដ៏សមរម្យរបស់អ្នក។ នេះគឺជាអ្វី ដែលអ្នកមានកប់ពពកទាំងឡាយត្រូវតែសង ចំពោះអ្វីដែលពួកគេជំពាក់ជាចុងក្រោយ»