(ឌូស្ហាន់បេ)៖ ក្រុមមន្ត្រីជាន់ខ្ពស់មកពីប្រទេសចិន រុស្ស៊ី ប៉ាគីស្ថាន និងអ៉ីរ៉ង់ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបានឯកភាពគ្នាថានឹងបង្កើន ក៏ដូចជាពង្រឹងការទំនាក់ទំនង និងកិច្ចសម្របសម្រួលលើបញ្ហាប្រទេសអាហ្វហ្កានីស្ថាន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃសុក្រ ទី១៧ ខែកញ្ញា ឆ្នាំ២០២១។

ការឯកភាពគ្នាខាងលើ ធ្វើឡើងនៅក្នុងកិច្ចប្រជុំក្រៅផ្លូវការមួយស្ដីពីអាហ្វហ្កានីស្ថាន រវាងរដ្ឋមន្ត្រីការបរទេស និងជាទីប្រឹក្សារដ្ឋចិន លោក វ៉ាង យី, រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov, រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន លោក Shah Mahmood Qureshi និងជំនួយការរបស់រដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក Seyed Rasoul Mousavi នៅឯរដ្ឋធានី ឌូស្ហាន់បេ (Dushanbe) នៃប្រទេសតាហ្ស៊ីគីស្ថាន។

នៅក្នុងកិច្ចប្រជុំនេះដែរ លោក វ៉ាង យ៉ី បានលើកឡើងថាវាជារឿងចាំបាច់ដែលប្រទេសទាំង៤ ត្រូវតែពង្រឹងការទំនាក់ទំនង, កិច្ចសម្របសម្រួល, បញ្ចេញសំឡេងតែមួយ, ដើរតួនាទីប្រកបដោយលក្ខណៈស្ថាបនា និងប្រកបដោយភាពវិជ្ជមាន ក្នុងការចូលរួមចំណែកធ្វើឱ្យអាហ្វហ្កានីស្ថានមានស្ថិរភាព។

លើសពីនេះទៅទៀត បើតាមលោក វ៉ាង យី បណ្ដាប្រទេសនៅក្នុងតំបន់រំពឹងថារដ្ឋាភិបាលអាហ្វហ្កានីស្ថានថ្មីនឹងមានភាពចម្រុះ, ប្រឆាំងភេរវកម្ម និងមានទំនាក់ទំនង មិត្តភាពជាមួយប្រទេសជិតខាងផងដែរ៕