(ស៉ីដនី)៖ អូស្រ្តាលីនៅថ្ងៃសុក្រនេះ បានបង្ហាញភាពមិនខ្វាយខ្វល់ឡើយ ចំពោះការបញ្ចេញកំហឹងរបស់ប្រទេសចិន ជុំវិញការសម្រេចិត្តរបស់ទីក្រុងកង់បេរ៉ា ក្នុងការផលិតនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ របស់សហរដ្ឋអាមេរិក ហើយបានប្តេជ្ញាការពារសណ្តាប់ធ្នាប់ នៅតាមដែនអាកាសនិងដែនទឹក ដែលស្ថិតក្រោមការទាមទារគ្រប់គ្រងរបស់ចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៧ ខែកញ្ញា ឆ្នាំ២០២១។

នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក ស្កុត ម៉ូរីសុន (Scott Morrison) នៅថ្ងៃសុក្រនេះ បានថ្លែងថា ចិនមានសិទ្ធិដើម្បីសម្រេចចិត្ត ដែលបម្រើដល់ផលប្រយោជន៍ជាតិខ្លួន សម្រាប់ផែនការវិស័យការពារជាតិរបស់ពួកគេ ហើយជាការពិតណាស់ អូស្រ្តាលីនិងប្រទេសផ្សេងទៀត ក៏ដូចគ្នាដែរ។

លោក ម៉ូរីសុន បានបន្តថា រដ្ឋាភិបាលអូស្រ្តាលីកំពុងឆ្លើយតប ចំពោះការប្រែប្រួលនៅតំបន់អាស៉ី-ប៉ាស៉ីហ្វិក ដើម្បីធានាថា ដែនទឹកអន្តរជាតិ នៅតែជាដែនទឹកអន្តរជាតិ, ដែនអាកាសអន្តរជាតិ នៅតែជាដែនអាកាសអន្តរជាតិ ហើយច្បាប់អន្តរជាតិ ត្រូវបានអនុវត្តដោយស្មើភាព នៅតាមតំបន់ទាំងនោះ។

គួរបញ្ជាក់ថា កាលពីថ្ងៃពុធសប្តាហ៍នេះ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រកាសពីភាពជាដៃគូវិស័យការពារជាតិត្រីភាគីថ្មីមួយ រវាងអូស្រ្តាលី-សហរដ្ឋអាមេរិក-អង់គ្លេស ដែលក្នុងនោះ រួមមានទាំងការផ្តល់ផ្ទេរបច្ចេកវិទ្យា និងជួយប្រទេសអូស្រ្តាលីផលិតនាវាមុជទឹក ដែលដើរដោយថាមពលនុយក្លេអ៊ែរ។

ក្រោយការប្រកាសនោះ រដ្ឋាភិបាលទីក្រុងប៉េកាំង បានចេញមុខថ្កោលទោស វាថាជាការគំរាមកំហែងចំពោះស្ថិរភាពក្នុងតំបន់ ហើយចោទសួរពីការប្តេជ្ញារបស់អូស្រ្តាលី ចំពោះសន្ធិសញ្ញាមិនរីកសាយនុយក្លេអ៊ែរ ព្រមទាំងព្រមានប្រទេសសម្ពន្ធមិត្តទាំងបីថា ពួកគេកំពុងប្រឈមនឹងការបង្កបញ្ហាចំពោះខ្លួនឯងទៅវិញទេ៕