(សេអ៊ូល)៖ ស្ថាប័នស្រាវជ្រាវផ្នែកយោធារបស់កូរ៉េខាងជើង នៅថ្ងៃចន្ទនេះ បានចេញមុខនិយាយចំអក ចំពោះការធ្វើតេស្តមីស៉ីលផ្លោង បាញ់ចេញពីនាវាមុជទឹក SLBM កាលពីពេលថ្មីៗនេះរបស់កូរ៉េខាងត្បូង ប៉ុន្តែទន្ទឹមគ្នាបានព្រមានថា ការបន្តអភិវឌ្ឍអាវុធបែបនេះរបស់ ទីក្រុងសេអ៊ូល នឹងធ្វើឲ្យកើតមានភាពតានតឹងសាជាថ្មី រវាងប្រទេសជិតខាងទាំងពីរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២០ ខែកញ្ញា ឆ្នាំ២០២១។

លោក ចាង ឆាងហា (Jang Chang Ha) ប្រធានស្ថាប័នវិទ្យាសាស្រ្តផ្នែកការពារជាតិរបស់កូរ៉េខាងជើង បាននិយាយថា យោងតាមរូបភាព នៃការធ្វើតេស្តមីស៉ីលថ្មីៗនេះរបស់កូរ៉េខាងត្បូង បានបង្ហាញឲ្យឃើញថា វាមានរូបរាងមិនសមជា មីស៉ីលផ្លោងបាញ់ចេញពីនាវាមុជទឹក (SLBM) ផង។ ម៉្យាងវិញទៀត រូបភាពទាំងនោះបានឲ្យតំរុយថា កូរ៉េខាងត្បូងហាក់ពុំទាន់សម្រេចបាន បច្ចេកវិទ្យាសំខាន់ៗ សម្រាប់ការបាញ់មីស៉ីលចេញពីក្រោមទឹកនៅឡើយទេ។

លោក ចាង បានបន្តថា មីស៉ីលរបស់កូរ៉េខាងត្បូង មិនទាន់ឈានដល់ដំណាក់កាលមួយ ដែលមានតម្លៃផ្នែកយុទ្ធសាស្រ្ត ហើយបអាចង្កការគំរាមកំហែង ចំពោះកូរ៉េខាងជើងនៅឡើយទេ ប៉ុន្តែលោកចោទសួរក៏ដូចជាព្រមានចំពោះចេតនា នៃការបន្តខិតខំអភិវឌ្ឍមីស៉ីលរបស់កូរ៉េខាងត្បូង។ លោក ចាង បានលើកឡើងថា កិច្ចប្រឹងប្រែងបង្កើនសមត្ថភាពប្រព័ន្ធសព្វាវុធរបស់កូរ៉េខាងត្បូង អាចនឹងបង្កភាពតានតឹងយោធានៅឧបទ្វីបកូរ៉េ។

គួរបញ្ជាក់ថា កាលសប្តាហ៍កន្លងទៅនេះ ទាំងកូរ៉េខាងត្បូង និងកូរ៉េខាងជើង សុទ្ធតែបានធ្វើតេស្តមីស៉ីលផ្លោងដូចគ្នា ដោយកូរ៉េខាងត្បូងធ្វើតេស្ត មីស៉ីលផ្លោងបាញ់ចេញពីនាវាមុជទឹក ខណៈកូរ៉េខាងជើងធ្វើតេស្តមីស៉ីលផ្លោង បាញ់ចេញពីរថភ្លើង៕