(វ៉ាស៊ីនតោន)៖ សេតវិមានបានរិះគន់លើឆ្មាំការពារព្រំដែនអាមេរិកដែលបានប្រើប្រាស់សត្វសេះ ដើម្បីគំរាមកំហែងជនអន្តោប្រវេសន៍ហៃទី បន្ទាប់ពីមានការបង្ហោះយ៉ាងព្រោង ព្រាតនូវរូបភាពឆ្មាំព្រំដែនម្នាក់ដែលជិះសេះដេញចាប់ជនអន្តោប្រវេសន៍នៅឯតំបន់ព្រំដែននៃរដ្ឋតិចសាស់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២១ ខែកញ្ញា ឆ្នាំ២០២១។

ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ជនអន្តោប្រវេសន៍ភាគច្រើនជាជនជាតិហៃទី បានធ្វើដំណើរឆ្លងកាត់ទីក្រុង Ciudad Acuna នៃប្រទេសម៉ិកស៊ីកូ និងទីក្រុង Del Rio នៃរដ្ឋតិចសាស់ ដើម្បីរកទិញម្ហូប និងទឹក ខណៈពួកគេពិបាកក្នុងការរកទិញនៅលើទឹកដីអាមេរិក។ ដើម្បីរារាំងកុំឱ្យជនអន្តោប្រវេសន៍ទាំងនេះឆ្លងដែនចូលមកក្នុងទឹកដីអាមេរិក ឆ្មាំការពារអាមេរិកមួយចំនួនបានជិះសេះដេញតាមចាប់ និងបណ្ដេញពួកគេចេញពីទឹកដីអាមេរិក ហើយរូបភាពនៃសកម្មភាពនេះត្រូវបានបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម។

ឆ្លើយតបទៅនឹងបញ្ហានេះដែរ អ្នកនាំពាក្យសេតវិមាន លោកស្រី Jen Psaki បានលើកឡើងថាសកម្មភាពជិះសេះគំរាមជនអន្តោប្រវេសន៍គឺជារឿងមិនអាចទទួលយកបាន។ លោកស្រី Jen Psaki បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំមិនគិតឡើយថាអ្នកគ្រប់គ្នាមើលឃើញវីដេអូ និងរូបភាពទាំងនេះហើយ គិតថាវាជារឿងអាចទទួលយកបាន ឬ ជារឿងត្រឹមត្រូវ....»

គួរបញ្ជាក់ថា ក្រុមអ្នកលេងបណ្ដេញទំនាក់ទំនងសង្គមខ្លះបានប្រដូចរូបភាពឆ្មាំការពារព្រំដែនអាមេរិកជិះសេះ ទៅនឹងប្រវត្តិសាស្ត្រនៃការធ្វើទុក្ខបុកម្នេញលើជនជាតិស្បែកខ្មៅ នៅលើទឹកដីអាមេរិក កាលពីអតីតកាល ហើយប្រធានឆ្មាំការពារព្រំដែនអាមេរិក លោក Raul Ortiz បានឱ្យដឹងការស៊ើបអង្កេតមួយត្រូវបានធ្វើឡើងដើម្បីដឹងឱ្យប្រាកដថា តើថាការជិះសេះគំរាមកំហែងជនអន្តោប្រវេសន៍ដោយក្រុមមន្ត្រីអនុវត្តច្បាប់គឺជារឿងមិនត្រឹមត្រូវ ឬក៏យ៉ាងណា៕