(កាណាដា)៖ ទូរទស្សន៍ CBC របស់ប្រទេសកាណាដា បានរាយការណ៍ថាគណបក្សសេរីនិយម Liberal Party របស់នាយករដ្ឋមន្ត្រីលោក Justin Trudeau បានទទួលជ័យជម្នះ នៅក្នុងការបោះឆ្នោតសភា ហើយលោកនឹងបង្កើតរដ្ឋាភិបាលថ្មីឆាប់ៗនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២១ ខែកញ្ញា ឆ្នាំ២០២១។

បើតាមទូរទស្សន៍ CBC គណបក្ស Liberal Party របស់លោក Justin Trudeau កំពុងនាំមុខដោយទទួលបាន ១៣៩សំឡេង ក្នុងចំណោមអាសនៈសភារុប ៣៣៨កៅអី។ ប៉ុន្តែ ភ្លាមៗ គេមិនទាន់អាចបញ្ជាក់ថាគណបក្សកាន់អំណាចនេះទទួលបានសំឡេងភាគច្រើន ឬភាគតិចនោះទេ ខណៈបើតាមមន្ត្រីកាណាដា លទ្ធផលបោះឆ្នោតមិនទាន់ចេញផ្សាយ ទាំងស្រុងនៅឡើយទេ ដោយនៅសល់ការរាប់សន្លឹកឆ្នោតបោះតាមប្រៃសេនីយ៍រាប់ម៉ឺនសន្លឹកទៀតនៅមិនទាន់រាប់អស់។

លទ្ធផលផ្លូវការទំនងជាអាចនឹងត្រូវចេញផ្សាយនៅព្រឹកថ្ងៃអង្គារនេះ (ម៉ោងនៅកាណាដា)៕