(ញូយ៉ក)៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន និងអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterres បានជំរុញឱ្យបណ្ដាមេដឹកនាំ ពិភពលោកដែលជាមហាអំណាចសេដ្ឋកិច្ចធំៗ ក្នុងនោះរួមមានទាំងសហរដ្ឋអាមេរិកបង្ហាញពីការប្ដេជ្ញាចិត្តចំពោះកញ្ចប់ថវិកានៃគោលដៅរៃអង្គាសរួមឲ្យបាន ១០០ពាន់លានដុល្លារក្នុងមួយឆ្នាំ ដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២១ ខែកញ្ញា ឆ្នាំ២០២១។

លោក បូរីស ចនសុន ធ្វើការកត់សម្គាល់ខាងលើនៅក្នុងជំនួបតុមូលជាមួយលោក António Guterres នៅថ្ងៃចន្ទសប្ដាហ៍នេះ ដើម្បីពិភាក្សាគ្នាពីដំណោះស្រាយ លើគម្លាតនៃការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងកញ្ចប់ថវិកាសង្រ្គោះបរិស្ថាន។ លោក ចនសុន បានបញ្ជាក់ដូច្នេះថា «មហាអំណាចសេដ្ឋកិច្ចធំដែលមួយចំនួន មានវត្តមាននៅថ្ងៃនេះ និងខ្លះអវត្តមាន មិនទាន់បានបង្ហាញពីការប្ដេជ្ញាចិត្តណាមួយទេ...ហើយខ្ញុំនឹងសង្កត់ធ្ងន់ជាថ្មីម្ដងទៀតថាដើម្បីទទួលបានជោគជ័យ យើង
ត្រូវការឱ្យបណ្ដាប្រទេសអភិវឌ្ឍទាំងអស់ប្ដេជ្ញាចិត្តចំពោះកញ្ចប់ថវិកា ១០០ពាន់លានដុល្លារ ដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ»

គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក៏ត្រូវបានគេរំពឹងដែរថានឹងប្រកាសដំណឹងល្អ ពាក់ព័ន្ធទៅនឹងការបរិច្ចាគទឹកប្រាក់ទៅក្នុងគោលដៅរៃអង្គាស រួមឲ្យបាន «១០០ពាន់លានដុល្លារ» ដើម្បីគាំទ្រពិភពលោក ដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ៕