(ប៉េកាំង)៖ យប់ថ្ងៃទី១៧ ខែកញ្ញា តាមម៉ោងក្នុងតំបន់ បារាំងបានប្រកាសសេចក្តីសម្រេចចិត្តដែលប្លែកពីធម្មតាខ្លាំងណាស់ ពោលគឺកោះហៅឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅ សហរដ្ឋអាមេរិកនិងអូស្ត្រាលីមកវិញ។ នេះគឺជាលើកទីមួយហើយដែលបារាំងកោះហៅឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅប្រទេសទាំងពីរនេះមកវិញក្នុងប្រវត្តិសាស្ត្រ។

លោក Jean-Yves Le Drian រដ្ឋមន្ត្រីការបរទេសបារាំងបានថ្លែងក្នុងសេចក្តីថ្លែងការណ៍ថាសេចក្តីសម្រេចចិត្តនេះគឺធ្វើឡើងតាមសំណូមពររបស់ប្រធានាធិបតីបារាំងដើម្បី ឆ្លើយតបតវិញចំពោះ «សភាពការណ៍ដ៏ធ្ងន់ធ្ងរក្រៃលែង» ដែលបណ្តាលមកពីសហរដ្ឋអាមេរិក និងអូស្ត្រាលីដាក់ចេញសេចកី្តប្រកាសពាក់ព័ន្ធកាលពីថ្ងៃទី១៥ ខែកញ្ញា។

សភាពការណ៍ដ៏ធ្ងន់ធ្ងរក្រៃលែងនេះ ពោលគឺ កាលពីថ្ងៃទី១៥ខែកញ្ញា សហរដ្ឋអាមេរិក អង់គ្លេស និងអូស្ត្រាលីបានប្រកាសថានឹងបង្កើតសម្ព័ន្ធសន្តិសុខថ្មី ដូចនេះអូស្ត្រាលី បានលុបចោលកិច្ចព្រមព្រៀងអំពីការទិញនាវាមុជទឹកដ៏មានទំហំទឹកប្រាក់ច្រើនសម្បើម ដែលបានចុះហត្ថលេខាជាមួយបារាំង ហើយបែរជាបង្កើតកិច្ចសហប្រតិបត្តិការជាមួយ សហរដ្ឋអាមេរិក។ បន្ទាប់ពីត្រូវសហរដ្ឋអាមេរិក «ប្លន់បញ្ជីជាវទិញ» និងត្រូវអូស្ត្រាលី «លុបចោលកិច្ចព្រមព្រៀង» បារាំងមិនចង់អត់ធ្មត់ទៀតទេ ដូច្នេះបានប្រើប្រាស់ មធ្យោបាយការទូតដោយខានមិនបាន ពោលគឺកោះហៅឯកអគ្គរដ្ឋទូតមកវិញ ដូច្នេះអាចឃើញថាបារាំងបានខឹងក្រហាយយ៉ាងខ្លាំង។

មុនដំបូង ប្រការនេះបានបំផ្លាញដល់ផលប្រយោជន៍សេដ្ឋកិច្ចរបស់បារាំង។ ដើម្បីឈានដល់កិច្ចព្រមព្រៀងនេះ បារាំងបានខិតខំធ្វើការនិងធ្វើកិច្ចចរចាជាច្រើនលើកចុងបំផុត បានឈានដល់កិច្ចព្រមព្រៀងនេះនៅឆ្នាំ២០១៦ បន្ទាប់ពីនេះ បារាំងបានធ្វើការពិគ្រោះពិភាក្សាជាមួយភាគីអូស្ត្រាលីជាប់រហូតអំពីលម្អិតនៃកិច្ចព្រមព្រៀង។ បច្ចុប្បន្ននេះ ត្រូវសហរដ្ឋអាមេរិកជ្រៀតជ្រែកផ្ទាល់ បណ្តាលឱ្យកិច្ចខិតខំប្រឹងប្រែងទាំងអស់របស់បារាំងអត់ប្រយោជន៍។ បើប្រៀបធៀបនឹងផលប្រយោជន៍ខាងសេដ្ឋកិច្ច អ្វីដែលកាន់តែ នាំឱ្យបារាំងឈឺចិត្តគឺត្រូវសម្ព័ន្ធមិត្តក្បត់ព្រមទាំងមានអារម្មណ៍អាម៉ាស់មុខយ៉ាងខ្លាំងដោយសារឿងនេះ។

ពេលលោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិកទៅបំពេញទស្សនកិច្ចនៅបារាំងកាលពីខែមិថុនា ឆ្នាំនេះ ភាគីបារាំងធ្លាប់ប្រាប់លោកថាកម្មវិធីនាវាមុជទឹករវាងបារាំង និងអូស្ត្រាលីមានសារសំខាន់ណាស់ចំពោះបារាំង។ ប៉ុន្តែ វាច្បាស់ណាស់ សហរដ្ឋអាមេរិកមិនដែលគិតពិចារណាពីការយកចិត្តទុកដាក់របស់សម្ព័ន្ធមិត្ត។ តាមការផ្សាយដំណឹង នៃប្រព័ន្ធសារព័ត៌មានបានឱ្យដឹងថា នៅពេលមុននឹងប្រកាសថា នឹងបង្កើតសម្ព័ន្ធថ្មីជាមួយនិងអង់គ្លេស និងអូស្ត្រាលី សហរដ្ឋអាមេរិកសឹងតែមិនបានធ្វើការប្រាស្រ័យ ទាក់ទងជាមួយបារាំងនោះទេ។

បន្ទាប់ពីបានប្រការព័ត៌មានទៅកាន់ប្រព័ន្ធសារព័ត៌មាន សេតវិមានទើបប្រាប់ដំណឹងនេះទៅកាន់បារាំង។ មិនបាច់សង្ស័យឡើយ អាមេរិកធ្វើដូចនេះគឺដោយមកពីអាមេរិក មិនអើពើបារាំងសោះ។ ក្នុងនាមជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកក្នុងរយៈពេលជាង២៤០ឆ្នាំ ក្នុងប្រវត្តិសាស្ត្រ បារាំងក៏ធ្លាប់មានការខ្វែងគំនិត និងប្រកែកគ្នាជាមួយ សហរដ្ឋអាមេរិក ប៉ុន្តែមិនដែលដូចលើកននេះដែរ ដែលបានប្រេះស្រាំជំនឿចិត្តពីគ្នា។ ប្រការនេះបានបង្ហាញពីរឿងមួយទៀតថាសហរដ្ឋអាមេរិកប្រកាន់អាកប្បកិរិយា អាត្មានិយម ឃោរឃៅ និងអនុត្តរភាពយ៉ាងដូចម្តេចក្នុងទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន។

មជ្ឈដ្ឋានខាងក្រៅគួរតែឃើញច្បាស់ថា មើលទៅប្រព័ន្ធសម្ព័ន្ធមិត្តរបស់អាមេរិកគឺផ្តល់ការគាំទ្រដល់គ្នាទៅវិញទៅមក ប៉ុន្តែកាលណាកើតមានការប៉ះទង្គិចពាក់ព័ន្ធដល់ ផលប្រយោជន៍ខាងសេដ្ឋកិច្ច សន្តិសុខនិងយុទ្ធសាស្ត្រ នោះបញ្ហាលាក់ទុកក្នុងប្រព័ន្ធនេះនឹងក្លាយទៅជាការប៉ះទង្គិចយ៉ាងធ្ងន់ធ្ងរភ្លាម ហើយនឹងលាតត្រដាងយ៉ាងច្បាស់នូវ ការចោទជាបន្ទិលសង្ស័យនិងការប្រយុទ្ធរវាងគ្នានិងគ្នា។

និយាយចំពោះសហរដ្ឋអាមេរិក ជានិច្ចកាល គិតតែផលប្រយោជន៍ផ្ទាល់ខ្លួន ដូច្នេះគ្មានសម្ព័ន្ធមិត្តដ៏ពិតប្រាកដនោះទេ។ រីឯអឺរ៉ុបវិញ បច្ចុប្បន្ននេះគឺជាគ្រាដែលត្រូវស្វែងរក យុទ្ធសាស្ត្រដោយម្ចាស់ការ ដើម្បីក្តាប់ជាប់ជោគវាសនារបស់ខ្លួនដោយខ្លួនឯង!